ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នគរបាលជំនាញចរាចរណ៍ កំពុងតែស្រាវជ្រាវរកអត្តសញ្ញាណ ជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្ត បន្ទាប់ពីជនរងគ្រោះ បានជួបហេតុការណ៍ បើករថយន្តដឹកដំឡូងមី ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៧ កាលពីវេលាពាក់កណ្តាលយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ មីនា ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
នគរបាលខេត្តក្រចេះ បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានហេតុការណ៍នេះកើតឡើង ត្រូវបាននគរបាលជំនាញសន្និដ្ឋានថា បណ្តាលពីអ្នកបើកបររថយន្តងងុយដេក ទើបរេចង្កូតធ្លាក់ផ្លូវធ្វើឲ្យរថយន្តក្រឡាប់រហូតឆេះ។
ភ្លាមៗនគរបាលបានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យចំនួន២គ្រឿង ដើម្បីជួយអន្តាគមន៍បាញ់ពន្លត់ តែយ៉ាងណាមិនអាចជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះបាននោះទេ ដោយសារតែជនរងគ្រោះ ត្រូវបុកកៀបជាប់ក្នុងកាប៊ីនរថយន្ត និងត្រូវភ្លើងឆេះស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក នគរបាលខេត្ត បានរកឃើញអត្តសញ្ញាណសពជនរងគ្រោះ ជាតៃកុងរថយន្ត មានឈ្មោះ សំបីន សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ៕ ដោយ ៖បញ្ញាស័ក្តិ