Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព ចំណុះ​រដ្ឋបាល​រាជធានី អនុវត្ត​ការងារ​ឱ្យស្រប​តាម​បាវចនា​០២ និង​អភិក្រម​៥

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ និង​ប្រធាន​អង្គភាព ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ប្រតិបត្តិ​ខ្លួន​ជា​មេដឹកនាំ បម្រើ​រាស្ត្រ​ដោយ​ស្មោះត្រង់ ហើយ​ត្រូវ​អនុវត្ត​ឱ្យស្រប​តាម​បាវចនា​ទាំង​០២ និង អភិក្រម​ទាំង​០៥ របស់​ស​ម្តេ​តេជោ​នាយករដ្ឋមន្ត្រី គឺ កែទម្រង់​ខាងក្នុង ពង្រីក​មិត្ត​ខាងក្រៅ និង ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល​និង​វះកាត់ ដើម្បី​បន្ត​និរន្តរភាព​រដ្ឋបាល និង បន្ត​អនុវត្តន៍​ស្នាដៃ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​ការស្នើ​ដូចនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី ប្រកាស​តែងតាំង​មុខដំណែង ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ មីនា ឆ្នាំ​២០១៩ នៅ​សាលា​រា​ធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឆាន់ វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ការប្រកាស​តែងតាំង​មន្ត្រីរាជការ ធ្វើឡើង​ជា​ធម្មតា ក្នុង​ដំណើរការ​មុខងារសាធារណៈ របស់​មន្ត្រីរាជការ ស៊ីវិល ដែល​តែងតែ​មាន ការតែងតាំង ការផ្ទេរ​ភារកិច្ច សម្រួល​ភារកិច្ច និង​ចូល​និវត្តន៍ ទៅតាម​និតិ​វិធី​ដែល​បាន​កំណត់​ដោយ​ច្បាប់​។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូល​កាន់​មុខដំណែង​នេះ គឺ​ត្រូវបាន​តែងតាំង​លោក ស៊ា​ង ដា​រ៉ា ជា​ប្រធាន​រតនាគា​រាជធានី​ភ្នំពេញ ជំនួស​លោក កែ ប៊ុន​ឡេង ដែល​ត្រូវ​ចូលនិវត្តន៍​។​

​លោក​អភិបាល​បានបញ្ជាក់​ថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់ ចំនួន​៤​របស់​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​មាន ការប្រយុទ្ធប្រឆាំង​អំពើរ​ពុករលួយ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​សក្កដានុពល និង​កាលានុវត្តភាព​ទាំងឡាយ​ដែល​មាន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មាន​ភាពច្បាស់លាស់ ចំ​ទិសដៅ ទាន់​សភាពការណ៍ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​ដំណើរ​វិវឌ្ឍន៍​នៃ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។​

​លោក​អភិបាល​បញ្ជាក់ថា ថ្វី​ត្បិត​តែ​រតនាគារ​រាជធានី​ភ្នំពេញ គឺជា​អង្គភាព​មូលដ្ឋាន ចំណុះឱ្យ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុន្តែ​ជា​កត្តា​សត្យានុម័ត អង្គភាព​នេះ ក៏​ត្រូវមាន​គណនេយ្យភាព ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក្នុងតួនាទី និង​ភារកិច្ច​ស្នូល ចំនួន​៤​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ផងដែរ​។ ដូច្នេះ ប្រធាន​រតនាគារ​រាជធានី​ថ្មី ត្រូវតែ​បន្ត​ពង្រឹង​អភិបាលកិច្ច ក្នុងការ​គ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក៏​ដូច​ជា​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឱ្យបាន​ល្អ បង្កើន​សាមគ្គីភាព មិត្តភាព រក្សា​ឯកភាព​ផ្ទៃក្នុង និង បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ជុំវិញ​ឱ្យបាន​កាន់តែ​ល្អ​ថែម​ទៀត​។​

​លោក ស៊ា ដា​រ៉ា ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ថ្មី ក៏​បាន​ប្តេជ្ញា​អនុវត្ត​ឱ្យបាន​ល្អ តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​អនុវត្ត​តាម​អនុសាសន៍ ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​បទបញ្ជា​របស់​ក្រសួង​សាម៉ី និង​ផែនការ​សកម្មភាព របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​រាជធានី និង​សង្គមជាតិ​ទាំងមូល​៕ ដោយ​ ៖ ​កូឡាប​

×