ភ្នំពេញ ៖ ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីទំនៀមទម្លាប់ ដ៏រុងរឿងរបស់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ និងក្នុងគោលបំណងរួមចំណែកបង្ក បរិយាកាសសប្បាយរីករាយ ជូនមហាជន ប្រជាជនពេលជួបជុំក្រុមគ្រួសារឪពុកម្តាយ បងប្អូន ញាតិមិត្ត សាច់សាលោហិត ក្នុងឱកាសនេះ អគ្គស្នងការនគរបាលជាតិ សូមធ្វើការអំពាវនាវដល់នាយកដ្ឋានកណ្តាល នាយកដ្ឋានជំនាញ អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ត្រូវកសាងផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមជំនាញ និងតាមភូមិសាស្ត្ររៀងៗខ្លួន ដោយផ្តោតលើការងារសំខាន់ៗរបស់ខ្លួន។
លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា នគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។
ត្រូវជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ ឃុំ ដោយប្រើប្រាស់គ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាព បង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ត្រូវបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅប្រារព្ធពិធីបុណ្យ និងគោលដីកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ។
លោកអគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ “ត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ចំពោះការប្រើប្រាស់អាវុធ គ្រឿងផ្ទុះគ្រាប់រំសេវ ដែលនាំឲ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទប់ស្កាត់ឲ្យបានអំពើហិង្សា សកម្មភាពជនទំនើង បង្កអុកឡុកធ្វើឲ្យប៉ះពាល់សុវត្ថិភាព សណ្តាប់ធ្នាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងច្រកថង់ទឹកស្អុយ និងដុំថ្មគប់គ្នាបណ្តាលឲ្យគ្រោះថ្នាក់ និងជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ”៕ ដោយ ៖ កូឡាប