ខេត្តពោធិ៍សាត់ ៖ កសិករភ្ជួរដីម្នាក់បានរបួសសុះសាច់យ៉ាងធ្ងន់ធ្ងរ ដោយសារកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅគ្រាដែលជនគ្រោះកំពុងភ្ជួរដីចំការក៏ប៉ះគ្រាប់ក្នុងដីផ្ទុះឡើងកក្រើកតែម្ដង ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអូរតាទិន ស្ថិតក្នុងភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពនានាពីកន្លងកើតហេតុបានឲ្យដឹងថា ជនរងរបួសឈ្មោះ ប៊ិច ហឹម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ-ឃុំកើតហេតុ ជនរងគ្រោះរបួសសុះសាច់(ធ្ងន់) ហេតុការណ៍នេះបានកើតឡើងនៅគ្រាកំពុងភ្ជួរដីចំការដោយគោយន្តកន្ត្រៃ ប៉ុន្តែជាអកុសលភ្ជួរប៉ះចំកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះឡើងយ៉ាងកក្រើកដី រងរបួសបែបនេះ ការផ្ទុះគ្រាប់ក្នុងដីដែលបន្សល់ពីសម័យសង្គ្រាម ហើយបណ្ដាលឲ្យកសិកររបួសធ្ងន់នេះ គេមិនទាន់ដឹងថា ជាប្រភេទគ្រាប់អ្វីនៅឡើយនោះទេ ។
ប្រភពខាងលើបន្តថា ក្រោយកសិករភ្ជួរដីចំការប៉ះគ្រាប់ផ្ទុះរបួសសុះសាច់ ភ្លាមៗក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ពុំទាន់បញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ ខណៈតំបន់នោះឆ្ងាយដាច់ស្រយាល់ ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ភ្ជួរដីប៉ះគ្រាប់ DK82 ផ្ទុះរបួសធ្ងន់! គ្រោះថ្នាក់នេះកើតឡើងនៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមីនានេះ។ ការគិតគូរខាងគោលនយោបាយនិងយុទ្ធសាស្ត្រក្នុងការបង្កានិងផ្តល់សុវត្ថិភាព ជូនប្រជាជនគឺត្រូវតែបោសសំអាតដីដែលពត៌មានថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទរួមទាំងតំប់កប់គ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងតំបន់ឃ្លាំងគ្រាប់កប់ដី គឺមិនអាចលើកទឹកចិត្តឱយប្រជាជនប្រថុយ ប្រថានជីវិតប្រើប្រាស់ដីនោះជាដាច់ខាត ដោយយកលេសថា រង់ចាំឃើញគ្រាប់ ចាំឱ្យ ប្រជាជនហៅជំនាញទៅយកនោះទេ! ក្រែងគ្មានឱកាសហៅ! ? ៕ ដោយ:កូឡាប