ទឹកកកលើកំពូលភ្នំ Everest កំពុងរលាយ…ទិដ្ឋភាពគួរឲ្យខ្លាចបានបង្ហាញសន្សឹមៗហើយ នោះគឺសាកសពមនុស្ស…រាប់រយនាក់ ។
សាកសពមនុស្សលើកំពូលភ្នំ Everest
Everest នៅតែជាកំពូលភ្នំខ្ពស់បំផុតពិភពលោក ។ អ្នកបានឈរនៅលើនោះពុំខុសអ្វីនឹងឈរលើដំបូលផ្ទះ នៃពិភពលោកឡើយ ។ ដូច្នេះឯងទើបវាទាក់ទាញមនុស្សម្នានាំគ្នាឡើងទៅកាន់ទីនោះ ។
ប៉ុន្តែការឡើងភ្នំខ្ពស់បែបនេះមានហានិភ័យច្រើនណាស់ជាអាទិ៍ ៖ ពេលឡើងកាន់តែខ្ពស់បរិយាកាសកាន់តែរាវ សីតុណ្ហភាពកាន់តែត្រជាក់ ជាហេតុធ្វើឲ្យសរីរាង្គធ្លាក់ក្នុងសភាពថយកម្តៅ ស្មារតីច្របូកច្របល់…នោះពុំនិយាយដល់កត្តាគ្រោះថ្នាក់ជាយថាហេតុដូចជាព្យុះព្រិល រអិល…ផង ។ ហេតុនេះមនុស្សជាច្រើនពុំបានវិលមកវិញទេ ។
ចាប់ពីឆ្នាំ ១៩២២ មក មានមនុស្សប្រមាណ ៣០០នាក់ បានស្លាប់នៅអំឡុងពេលឡើងភ្នំ ហើយបច្ចុប្បន្ននៅបន្សល់ទុកសាកសពប្រមាណ ២០០ លើកំពូលភ្នំ ។ ពេលនេះទឹកកករលាយ… ធ្វើឲ្យសាកសពទាំងនោះហាក់ដូចជា…ផុសឡើង ។
ទើបតែប៉ុន្មានឆ្នាំមកនេះទេ ដែលសាកសពអ្នកស្លាប់លើភ្នំត្រូវបាននាំយកមកវិញ រីឯមុននេះគឺស្ថិតនៅលើភ្នំទាំងអស់ ។
ការបញ្ជូនសាកសព១ចុះមកក្រោមត្រូវចំណាយអស់ប្រហែល ៧០.០០០ដុល្លារ ហើយពេលខ្លះគ្រួសាររបស់ជនអភ័ព្វទាំងនោះប្រាប់ថាជនរងគ្រោះចង់ឲ្យទុកគេនៅទីនោះ (!) ។
ប៉ុន្តែនៅពេលសាកសព “ផុសឡើង” កាន់តែច្រើននោះរដ្ឋការនេប៉ាល់គ្មានជម្រើសណាក្រៅពីនាំយកមកក្រោមទេ ។
គួរបញ្ជាក់ថា កំពូលភ្នំ Everest ស្ថិតក្នុងជ្រលងភ្នំ Himalaya ហើយមានកម្ពស់ ៨៨៤៨ ម៉ែត្រ ប្រៀបនឹងផ្ទៃសមុទ្រ ។ អ្នកឡើងដល់កំពូលភ្នំនេះដំបូងគឺ Edmund Hillary និង Tenzing Norgay Sherpa កាលពីឆ្នាំ ១៩៥៣ ។
តាំងពីនោះមកមានមនុស្សជិត ៥០០០នាក់ បានទៅដល់កំពូលភ្នំនោះដែរ ៕ ចន្ទ្រា