ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យប៉ុស្តិ៍បឹងទំពុន មានការដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនបរទេស ស្ថិតនៅហាងលក់កាហ្វេ និងហាងកោសជប់ម៉ាស្សា តាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោកឧត្តមសេនីយ៍ទោ ទិត ពិសិដ្ឋ ជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញ ពិនិត្យរកឃើញ ជនជាតិវៀតណាម សរុបចំនួន១២នាក់ (ស្រី១០នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ដោយ៖កូឡាប