កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានបង្គាប់បញ្ជាឲ្យ ម្ចាស់អាជីវកម្ម ស្ករត្នោតឲ្យ ផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើ។ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោក វ៉ី សំណាង អភិបាល នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាឲ្យកំលាំងនគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះសហការជាមួយជំនាញពាក់ព័ន្ធរួមមាន នាយកដ្ឋាននគរបាលសេដ្ឋកិច្ច ការិយាល័យកាំកុងត្រូល មន្ទីរខស្សាហកម្មនិងសិប្បកម្ម ព្រមជាមួយកិច្ចសហការពី តំណាងអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កម្លាំងចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុក និងផលិតស្ករត្នោតខុសលក្ខណៈបច្ចេកទេសមួយកន្លែង ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
នារសៀល ថៃ្ងពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ បានដឹកនាំកម្លាំងនគរបាល សហការជាមួយកំលាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំនាញសាខាកាំកុងត្រូល ជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ដ ដឹកនាំសម្របសម្រួលដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារង អយ្យកអយ្យការអមសាលាដំបូងខេត្តលោក សរ សុពុត្រា អភិបាលរងខេត្ត បានចុះត្រួតពនិត្យនៅសិប្បកម្មផលិតស្ករត្នោតមួយកន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។
សូមបញ្ជាក់ថាទីតាំងខាងលើនេះក្រោយការស្រាវជ្រាវរបស់ជំនាញបានដាក់ជាមុខសញ្ញាគោលដៅដោយសារតែមានព័ត៌មានមកថាជាទីតាំងផលិតស្ករខុសលក្ខណៈបច្ចេកទេស ដោយម្ចាស់ទីតាំងខាងលេីយក”ស្ករស មកផលិតទៅជាស្ករត្នោតនាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស បន្លំភ្នែកដោយប្រេីសារធាតុគីមីលាយបញ្ចូលដើម្បីផលិតទៅជាស្ករត្នោត ទីតាំងសិប្បកម្មខាងលើត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺធ្វេីការណែនាំនិងដកហូតអាជ្ញាប័ណ្ណជាបណ្ដោះអាសន្នបើមិនកែប្រែរូបមន្ដនៃការផលិតស្ករត្នោតខុសបច្ចេកទេស និងបន្លំយថាប្រភេទ ប្រភពដេីមនៃទំនិញនោះទេ បទល្មើសមានកំណត់ក្នុងច្បាប់ជាក់ស្ដែងទីតាំងសិប្បកម្មផលិតស្ករត្នោត មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រី អាយុ ៥៧ឆ្នាំ រកឃើញ : ស្ករសរ ១១០បាវ ស្មើ ៥៥០០ kg ស្ករសរ(ក្រហម) ៥១៣បាវ ស្មើ ២៥៦៥០ kg ស្ករត្នោតសម្រេច ៦៦បាវ ស្មើ ៦៦០០ kg ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើ ២០០២០ kg សំបកធុងកាត់ទទេចំនួន ៤២៤ ធុង សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង និងស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ kg និងចាប់យកសំណាកចំនួន ៩ គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្ម ឲផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើ៕ ដោយ:កូឡាប