ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាងបានឲ្យដឹងថា ថៅកែភាស៊ី ស្រុកស្អាង បញ្ជាឲ្យកូនចៅ យកគ្រឿងចក្រទៅកាយដំបូលផ្សារព្រែកតូច ខាងត្បូង ផ្អើលអាជីវករផ្ទុះការតវ៉ា ទាំងព្រលប់ ដែល ករណីគួរឲ្យភ្ញាក់ផ្អើលនេះ កើតហេតុ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំ ចរ ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី នៅចំនុចផ្សារស្អាងខាងត្បូង ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាង បានឲ្យដឹងថា លោកប៉ោ សេង ថៅកែភាស៊ីស្រុកស្អាង ដឹកនាំបក្ខពួករបស់ខ្លួនចំនួន ៦នាក់ ក្នុងនោះមានគ្រឿងចក្រ ១គ្រឿង មកធ្វើសកម្មភាពរុះរើដំបូលផ្សារចំកណ្តាល ត្រង់ចំណុចផ្លូវដើរ ដែលធ្វើអំពីឈើប្រកសង្ក័សីមានទំហំ ៤ម៉ែត្រ ×៥០ម៉ែត្រ ។ ពេលជាមួយគ្នានោះអាជីវករជាង ១០០នាក់បាន ផ្ទុះកំហឹងតវ៉ាមិនឲ្យរុះរើដំបូលផ្សារជាដាច់ខាត រំពេចនោះមានឈ្មោះ លន់ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកូនចៅលោកប៉ោ សេង និងបក្ខពួក បានគំរាមរកវាយ ឈ្មោះស្រ៊ាង ហុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ:លក់ដូរក្នុងផ្សារ ។ ភ្លាមនោះដែរ ដោយមានការបញ្ជាផ្ទាល់ពីលោកញឹម វណ្ណឌិន អភិបាលស្រុកស្អាង ដឹកនាំដោយលោក ជឺ គឹមហៃ អភិបាលរងស្រុក និងលោកវរសេនីយ៍ឯកសេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកំលាំងអន្តរាគមន៍នគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ព្រែកគយ បានដល់កន្លែងហេតុ ហើយពេលនោះ លោកជឺ គឹមហៃ បានសម្របសម្រួល ទប់ស្កាត់មិនឲ្យភាគីទាំងពីរមានអំពើហិង្សាណាមួយកើតឡើងឡើយ ដោយសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដោះស្រាយតាមសន្ដិវិធី ។
រហូតដល់វេលាម៉ោង២០ និង១៥នាទី ថ្ងៃ(ដដែល)ទើបភាគីទាំងសងខាងបញ្ឈប់សកម្មភាពត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ៕ ដោយ:កូឡាប