ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ជនសង្ស័យ ២ នាក់ ធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូ ១ គ្រឿង ពីជនជាតិវៀតណាម ត្រូវនគរបាលស្រុកចាប់ខ្លួនបាន ១ នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ដែលករណីនេះកើតឡើង នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលពាក្យបណ្តឹងពីស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ មួន ភិច អាយុ ៤៦ ឆ្នាំ រស់នៅភូមិខាន់ដុង ឃុំខាន់តឹង ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាមថា : មានជនសង្ស័យ ០២ នាក់ បានជិះម៉ូតូមួយគ្រឿងបានជិះវារួចធាក់ផ្តួលម៉ូតូរបស់ខ្លួនដួលរួចលើកជិះគេខ្លួនបាត់ នៅចំណុចផ្លូវលំក្រាលគ្រោះក្រហម ខាងត្បូងភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយពីទទួលបានព័ត៌មាននៃហេតុការណ៍នោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវដោយសហការ ជាមួយកម្លាំងនគរបាល ផែនយុត្តិធម៌ស្រុកមេមត់ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១២និង២០ នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តារា រគីម ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណរឿង ប្រគល់ទៅឲ្យតំណាងអយ្យាការ អមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ : ឈ្មោះ ណន ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចយើងកំពុងបន្តធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់កំណត់ ។ រីឯម៉ូតូត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ម៉ាកវ៉េវឆ្លាម ពណ៌ស ពាក់ស្លាកលេខ 70B.156609 លេខតួនិងម៉ាស៊ីន 7141890 ដោយមានការផ្ទៀងផ្ទាត់ ជាមួយនឹងកាតគ្រីឃើញថាត្រឹមត្រូវ ៕ ដោយ៖កូឡាប