ខេត្តមណ្ឌលគិរី ៖ មន្ត្រីដែនជំរកសត្វព្រៃភ្នំណាមលៀរ ដឹកនាំដោយ លោក វុធ សារុំ នៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩នេះ បានកំពុងដឹកនាំមន្ត្រីជំនាញ ចុះរុករក រថយន្ដដឹកឈើ ដែលកំពុងតែដឹកជញ្ជូនចល័តឈើ ដើម្បីយកទៅលាក់ទុក តាមមូលដ្ឋានមួយចំនួន បន្ទាប់មកបន្តដឹកឆ្លងដែន ចេញទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន នាស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី។ ទាក់ទិនបទល្មើសព្រៃឈើនេះ បើតាមសេចក្តីរាយការណ៍មកពីស្រុកប៊ូស្រា ក៏បានឲ្យដឹងដែរថា រាល់ថ្ងៃឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះ សារឿន ម៉ាប់ គឺជាឈ្មួញដុះស្លែមួយរូប ស្ថិតក្នុងចំណោមឈ្មួញរកស៊ីឈើច្រើនទៀត ដែលកត្រៀមដឹកជញ្ជូនឈើតាមរថយន្តប្រមាណ ១០គ្រឿង តាមរយៈឡាន ឡង់គ្រីស័រ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ត្រង់ចំណុចនេះប្រភពបានឲ្យដឹងថា ចំពោះរថយន្ដដឹកឈើខុសច្បាប់ខាងលើនេះ គឺកំពុងលាក់ពួននៅព្រៃចំការកៅស៊ូ នៅចំណុចភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បញ្ហានេះ លោក វុធ សារុំ នាយកដែនជំរកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមីនានេះ ក្រុមការងាររបស់លោក បានចុះល្បាត នុងកំពុងជិះរុករករថយន្ដល្មើសដឹកឈើទាំងនោះ នៅតាមចំណុចសង្ស័យនានា ដែលអាចមានរថយន្តរបស់ឈ្មួញឈើ ឈ្មោះ ម៉ាប់ នោះកំពុងតែធ្វើការលាក់ទុក។ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានពីមន្ត្រី របស់លោករាយការថា បានរកឃើញរថយន្តដឹកជញ្ជូនឈើខុសច្បាប់ ដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានមកមន្ត្រីជំនាញនៅឡើយទេ។
យ៉ាងនេះក្តី តាមសេចក្តីរាយការចុងក្រោយពីប្រជាពលរដ្ឋ និងពីប្រជាសហគមន៍ការពារព្រៃឈើ នៅស្រុកពេជ្រជ្រាដា បានឲ្យដឹងថា ពេលនេះឈ្មួញរកស៊ីឈើ ឈ្មោះ ម៉ាប់ បានបញ្ជាកូនចៅឲ្យចេញទៅចល័តរថយន្ត ដឹកឈើប្រមាណជា ១០គ្រឿងនោះ ចេញពីមួយកន្លែង ទៅមួយកន្លែងទៀត ដើម្បីគេចកម្លាំងចម្រុះ និងពីមន្ត្រីជំនាញដែនជម្រកសត្វព្រៃចុះល្បាត។
យ៉ាងណាក៏ដោយចុះ អ្នកយកព័ត៌មានគេហទំព័រ ” CEN.COM.KH” ប្រចាំខេត្តមណ្ឌលគិរី មិនទាន់មានប្រភពអាចទាក់ទង បុគ្គលឈ្មោះ សារឿន ម៉ាប់ ដែលប្រជាសហគមន៍ការពារព្រៃឈើ បានចោទប្រកាន់ថា ជាឈ្មួញឈើដ៏ល្បីល្បាញនៅស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីបំភ្លឺបាននៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ៕ដោយ៖ ដែន សីមា