Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ ដុតបំផ្លាញ​សម្លៀកបំពាក់​ក្លែងបន្លំ ដែល​បង្ក្រាបបាន​

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែមីនា ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ឯក អន សុខុន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដុតបំផ្លាញ​សម្លៀកបំពាក់​ក្លែងបន្លំ នៅ​កន្លែង​ចាក់សំរាម​ស្ថិតនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អន សុខុន បានឱ្យដឹងថា ដោយមាន​ការអនុញ្ញាត​ពី​សំណាក់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ និង​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ស្តីពី​ការ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា សេវា​សញ្ញា និង​ម៉ាក​សមូហភាព ឬ​ពានិជ្ជ​នាម​របស់​សហគ្រាស ដែល​បាន​ប្តឹង​មក​ស្នងការ​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ដោយយោង​ទៅនឹង​ច្បាប់ បទបញ្ជា និង​ការចង្អុលបង្ហាញ​របស់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ កម្លាំង​ស្នងការ​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដំណើរការ​ស៊ើប​ង្កេ​ត នូវ​រាល់​ការ​ក្លែងបន្លំ ពានិជ្ជសញ្ញា សេវា​សញ្ញា និង​ម៉ាក​សមូហភាព ឬ​ពានិជ្ជ​នាម ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អប​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​បាន​ដំណើរការ​ស៊ើប​ង្កេ​ត និង​ឈានដល់​ការបង្ក្រាប រឹបអូស​បាន​សម្លៀកបំពាក់​ក្លែងបន្លំ​ចំនួន​បី​ទីតាំង ដែល​បង្ក្រាបបាន​ខោអាវ​ចំនួន ២៤៥៣ កំ​ប្ល៉េ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្នោះ ហេង រស្មី បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នី​តី​វិធី​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា​ការបង្ក្រាប​នេះ​គឺ​ធ្វើយ៉ាងណា ដើម្បី​កុំឱ្យ​មានការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​ទាំងឡាយ ដែល​បាន​កើតឡើង​នៅ​ទូទាំងប្រទេស ហើយក៏​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ហើយ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ក្លែងបន្លំ ដែល​ច្បាប់​ហាមឃាត់ គឺ​ដាច់ខាត​ត្រូវតែមាន​ការបង្ក្រាប និង​អនុវត្ត​ទៅតាម​នីតិវិធី​ដែល​បានចែង ហើយ​ថ្ងៃនេះ​ជាក់ស្តែង​សម្លៀកបំពាក់​ចំនួន ២៤៥៣​កំ​ប្ល៉េ ដែលជា​ករណី​នៃ​ការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា​នេះ គឺ​កម្លាំង​អាវុធហត្ថ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ល្អ​សើរ ហើយ​សង្ឃឹមថា​ការ​ក្លែងបន្លំ​ទាំងឡាយ​គឺ​នឹង​មិនមាន​តទៅទៀត​ឡើយ​។ តាម​សំណូមព​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ និង​ដោយបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា ដើម្បី​លុបបំបាត់​ផលិតផល​ក្លែងក្លាយ នៅថ្ងៃនេះ​គឺ​យើង​បាន​ដំណើរ​ការដុត​បំផ្លាញចោល​សម្លៀកបំពាក់​ទាំងអស់ ដោយមាន​ការចូល​រូ​ម​ពី ព្រះរាជអាជ្ញា តំណាង​សហព័ន្ធ​កីឡា​បាល់​ទា​តិ​ជាតិ កម្លាំង​អាវុធហត្ថ និង​អាជ្ញាធរ​ដែនដី​ផងដែរ​។​

​ជាមួយនឹង​ហេតុការណ៍​ដុត​ខោអាវ​នេះ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ដោយ​ក៏​មិន​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា​មិនគួរ​បើកហាង​នោះទេ​ដោយ​គ្រាន់តែ​បក​ស្លាក​សញ្ញា​ចេញ​ហើយ​យកទៅ​ចែក​ឱ្យ​អ្នក​ទីទាល់ក្រ​ឬក៏​តាម​អើយ​តាម​ក្មេង​កុមារកំព្រា​ពីព្រោះ​ពួកគេ​ទាំងនោះ​មិនមាន​ខោអាវ​សម្រាប់​ស្លៀកពាក់​សមរម្យ​ស្អាតបាត​នោះទេ​។​

​ជាមួយ​ករណីនេះ​លោក​អេង​ហ៊ី​បាន​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​មហាជន​ថា ខ្ញុំបាទ​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ធ្វើការ​ឆ្លើយតប​ជាមួយ​បងប្អូន សាធារណជន​ដែល​បាន​បញ្ចេញ​មតិយោបល់​ពាក់​ព័ន្ធ​នឹង​ការដុត​បំផ្លាញចោល​សម្លៀក​បំពាក់​ក្លែងបន្លំ​ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក​សមូហភាព ពាណិជ្ជ​នាម និយាយ​ជារួម​គឺ​សម្លៀកបំពាក់​ក្លែងក្លាយ​រូប​សញ្ញា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ​។​

​ជាបឋម​ខ្ញុំបាទ​សូម​អរគុណ​ចំពោះ​មតិយោបល់​របស់​បងប្អូន សាធារណជន​ទាំងអស់​នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ នាពេល​កន្លងទៅ ខ្ញុំបាទ​សុំ​ទទួលយក​នូវ​មតិយោបល់​ទាំងនេះ​។​
​សូម​បងប្អូន​មេត្តា​ពិចារណា​មើល​បន្តិច​ថា បើ​យើង​យក​សម្លៀកបំពាក់​ទាំងអស់​នេះ ទៅ​ចែកចាយ ឬ​ចែក​អំណោយ​ជូនទៅ​អ្នកដទៃ​នោះ មានន័យថា សមត្ថកិច្ច ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គាំទ្រ​នូវ​ផលិតផល​ក្លែងក្លាយ​នោះ​។​

​ដោយសារ​មានការ​គិតគូរ​វែងឆ្ងាយ និង​ស្របតាម​ផ្លូវច្បាប់​ផង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ស្នើសុំ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បំផ្លាញចោល​នូវ​សម្លៀក​ប​ពាក់​ដែល​ចាប់យក​ចំនួន​២.៤៥៣​កំ​ប្ល៉េ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ បើ​បងប្អូន សាធារណជន មិនទាន់​យល់​អាច​សួរ​មក​យើងខ្ញុំ​បាន​គ្រប់ពេលវេលា​។​

​សូម​បងប្អូន សាធារណជន​ទទួល​នូវ​ការគោរព​និង​សេចក្តី​រាប់អាន​ពី​ខ្ញុំបាទ​៕​ ​ដោយ​:​កូ​ឡាប​

×