ឧត្តរមានជ័យ: ស្នងការដ្ឋាននគរបាល ឧត្តរមានជ័យបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ បានសួរចម្លើយ ដោយយកចិត្តទុកដាក់ ទៅលើជនសង្ស័យ ឈ្មោះ ហ៊ូ សាមផាន ពាក់ព័ន្ធនិងករណី គ្រឿងញៀន ដែលធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩ មកដល់ថ្ងៃទី២៩នេះ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនបានលាក់ទុកនូវសារធាតុញៀនមួយចំនួនទៀត នៅផ្ទះរបស់ខ្លួន។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៩ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងក្រោមឱវាទ និងជនសង្ស័យ ហ៊ូ សាមផាន យកទៅផ្ទះដែលខ្លួនស្នាក់នៅ ដើម្បីចង្អុលបង្ហាញ ទីកន្លែងដែលខ្លួនបានលាក់ទុកនូវសារធាតុញៀន។ ខណៈពេលទៅដល់ និងមានការចង្អុលបង្ហាញពីជនសង្ស័យ កម្លាំងយើងបានរកឃើញថ្នាំញៀនបន្ថែមទៀត មាន៖ មេតំហ្វេតាមីនICE(ម៉ាទឹកកក) ចំនួន ៨ កញ្ចប់ធំ ស្មើនឹង ៦០១,៣១ក្រាម និង មេតំហ្វីតាមីនគ្រាប់ ចំនួន ៦៣ គ្រាប់ បន្ថែមទៀត។
ជនសង្សយទាំង២នាក់មានឈ្មោះ ១. លី ខ្លឹង អាយុ ៣១ ឆ្នាំ នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង និង ២. ហ៊ូ សាមផាន អាយុ ៦៨ ឆ្នាំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ:កូឡាប