ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅថ្ងៃសុក្រម្សិលមិញថា លោកនឹងមិនដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងនោះទេ ព្រោះប្រទេសនេះកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទណ្ឌកម្មហើយ។
លោកថ្លែងថា “ពួកគេកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរហើយនៅក្នុងប្រទេសកូរ៉េខាងជើង។ ពួកយើងកំពុងស្ថិតក្នុងពេលលំបាកខ្លាំងនៅកូរ៉េខាងជើង”។
គាត់ថ្លែងប្រាប់អ្នកសារពត៌មានបន្តថា “ខ្ញុំមិនគិតថា ការដាក់ទណ្ឌកម្មបន្ថែមមានភាពចាំបាច់ទេ នៅពេលនេះ ហើយវាមិនមែនមានន័យថា ខ្ញុំមិនដាក់ថែមនោះទេនៅពេលក្រោយ ប៉ុន្តែពេលនេះ គឺវាមិនទាន់ចាំបាច់”។
ការប្រកាសមិនដាក់ទណ្ឌកម្មថែមលើកូរ៉េខាងកើត កើងឡើងមួយខែ ក្រោយពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិច និងកូរ៉េខាងជើង ដែលមិនសម្រេចបានលទ្ធផលអ្វីសោះ។ ទោះយ៉ាងណា លោក ត្រាំ ថ្លែងថា គាត់មានទំនាក់ទំនងល្អជាមួយនឹងមេដឹកនាំកូរ៉េខាងជើង ដោយពួកយើងយល់ពីគ្នា។
“ខ្ញុំគិតថា វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នករក្សាទំនាក់ទំនងនោះឲ្យបានយូរតាមដែលអាចធ្វើបាន”។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកត្រាំបញ្ជាក់ថា នឹងប្រកាសទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ប៉ុន្តែនៅថ្ងៃសុក្រម្សិលមិញនេះ គាត់បានបញ្ជាក់វិញថា គាត់បានបញ្ឍប់វាវិញ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia