ខេត្តកំពង់ស្ពឺ ៖ ករណីជនសង្ស័យបើករថយន្ដបំបុកប៉ារ៉ាស់សមត្ថកិច្ចនគរបាលចរាចរណ៍(ជាន់សាជី)នៅគោលដៅអនុវត្តត្រួតពិនិត្យច្បាប់ចរាចរណ៍នៅមុខមន្ទីរសាធារណៈការខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤ ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅគោលដៅត្រួតពិនិត្យពង្រឹងការ អនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៤ មុខមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ដ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧ឮនិង៤០នាទី មានជនបង្កបើករថយន្ត មួយគ្រឿងម៉ាក Nissan ប្រភេទរថយន្តកែឆ្នៃដឹកដី ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS.0536 សណ្ដោងរឺម៉ក ដឹកគ្រឿងចក្រ ជនបង្កមានឈ្មោះម៉ៅ សំរិទ្ធ អាយុ ២៧ឆ្នាំ រស់នៅភូមិរំលោង សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចគោលដៅត្រួតពិនិត្យចរាចរណ៍បានបើកបំបុក”សាជី” ដែលដាក់ជាសញ្ញាសំគាល់ធ្វើចរាចរណ៍ ធ្វើឲ្យនគរបាលរត់ចែកជើងសឹងតែមិនទាន់ ក្រោយមានសកម្មភាពហេតុការណ៍ខាងលើ ជនបង្កបានព្យាយាមបើករថយន្ដរត់ទៅមុខបន្ដ មិនឈប់នៅកន្លែងកើតហេតុនោះទេ សមត្ថកិច្ចនគរបាលបានធ្វើអន្ដរាគមន៍ភ្លាមៗចាប់ឃាត់រថយន្ដនិងជនបង្កបាននៅចំណុចមុខធនាគារវឌ្ឍនៈចំងាយប្រមាណ ១ គីឡូម៉ែត្រពីកន្លែងគោលដៅត្រួតពិនិត្យ។
តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីនគរបាលចរាចរណ៍ដែល នៅបញ្ជាចរាចរណ៍ត្រួតពិនិត្យការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក រឿងហេតុដំបូង កំលាំងបានធ្វើសញ្ញាបញ្ជាអោយរថយន្ដចូលអមខាងស្ដាំដៃដើម្បីត្រួតពិនិត្យឯកសារមួយ ចំនួននិងពិនិត្យស្ទីកគ័របិតលើកញ្ចក់រថយន្ដ និងដាក់វាំងននបិតបាំងពីខាងក្នុង ស្រាប់តែរថយន្ដមិនព្រមបន្ថយល្បឿនតាមការបញ្ជារបស់មន្ដ្រីនគរបាលចរាចរណ៍ទេ រួចបើកសំដៅមករកនគរបាលតែម្ដង ធ្វើអោយមានការភិតភ័យរត់ចែកជើងគ្នាសឹងតែមិនទាន់ ស្របពេលនោះក៏បើកជាន់សាជីដែលដាក់ជាសញ្ញានៅគោលដៅតែម្ដងបណ្ដាលឲ្យខូចខាតសាជីចំនួន ២ ។
ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការ ឃាត់ ខ្លួនជនបង្ក(អ្នកបើកបរ)នឹងរថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ កូឡាប