ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងសហព័ន្ធជសច្រេីនរូបផងដែរ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលការសាងសង់នោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកា ពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើនកន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និងដើម្បីស្វែងរកមេដាយជូនជាតិឱ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។
លោក ទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បាន បញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ក៏ដូចជាក្រុមហ៊ុនឯកជននានាដែលបានជួយឧបត្ថម្ភគាំទ្រដល់ការជួសជុលថែទាំអាងហែលទឹកក្នុងពហុ កីឡដ្ឋាននេះឱ្យមានភាពល្អប្រសើរឡើងវិញប្រកបដោយលក្ខណៈស្តង់ដារអន្តរជាតិ និងដែលបានចូលរួម ចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន ការជួសជុល និងសាងសង់អាងហែលទឹក និងអាងលោត សម្រេចបានប្រមាណជា ៥៥ភាគរយហើយ ដែលការថែទាំជួសជុល និងសាងសង់អាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពី ៧ខែ ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីដាក់ឱ្យដំណើរការឡើងវិញ សម្រាប់ឱ្យកីឡាករ-កីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣៕ ដោយ៖កូឡាប