ភ្នំពេញ ៖ ក្រុមហ៊ុនក្នុងស្រុក OCIC បានបើកដំណើរការសាងសង់អគារពិព័រណ៌អន្តរជាតិជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាដែលជាសំណង់អាគារសាធារណៈធំទី២បន្ទាប់ពីសាលពិព័រណ៌កោះពេជ្រដែលវិនិយោគ ដោយក្រុមហ៊ុនOCIC ។
ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីទំនៀមទំលាប់ដើម្បីបានសេចក្តីសុខ ចំរុងចំរើនក្នុងដំណើរការសាងសង់អគារសាលពិព័រណ៍អន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣១មីនាដោយមានការអញ្ជើញចូលរួមពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោកឧកញ៉ាពុង ឃាវសែ នាយកក្រុមហ៊ុនOCIC។
តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុនOCICបានអោយដឹងថា សំណង់អគារពិព័រណ៌អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប ២៦.៧៧៤,៣៨ម៉ែត្រការ៉េដោយបានបែងចែកអគារជា៣ផ្នែកធំៗរួមមាន អគារសំរាប់ពិព័រណ៌,ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៌ និងចំណតរថយន្តក្រោមដីដែលអាចឲ្យយានយន្តចតបាន១៩៨កន្លែង។
តំណាងក្រុមហ៊ុនឲ្យដឹងទៀតថា ជុំវិញអគារ ត្រូវបានបំពាក់ទៅដោយកញ្ចក់ជាបច្ចេកវិទ្យាថ្មីដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អរួមទាំងការបាញ់បំភ្លឺដោយភ្លើង 3D ជំវិញអគារដើម្បីលើកកំពស់សោភ័ណភាពផងដែរ។ចំពោះរយះពេលនៃការសាងសង់តួអគារទាំងមូលមានរយះពេលសរុប១៤ខែគិតចាប់ពីថ្ងៃទី៣១មីនា ២០១៩ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ដែលត្រូវចំណាយថវិកាប្រមាណ១៦ លានដុល្លាអាមេរិក។នេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញនៅពេលដែលកំណើនប្រជាពលរដ្ឋក្នុងទីក្រុងក៏កើនឡើង ឯតម្រូវការហេដ្ឋារចនាសម្ពន្ធ័គ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗក៏មានការកើនឡើងហើយវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរក៏មានការកើនឡើងឥតឈប់ឈរក្នុងបរិបទដែលកម្ពុជាមានសុខសន្តិភាពមានស្ថិរភាពនយោបាយដ៏ពេញលេញ ៕ ដោយ ៖ កូឡាប