ព្រះវិហារ ៖ តំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោះ ស៊ុំ ម៉ឺន ដែដែលបានបាត់ខ្លួនជាច្រើនខែមកហើយនោះ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារស្រាវជ្រាវនិងរកឃើញហើយបន្ទាប់ពីរត់គេចខ្លួន។
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញលោក ស៊ុំ ម៉ឺន ដែលអាជ្ញាធរតាមចាប់ខ្លួន រឿងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនិងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព នាពេលថ្មីៗនេះ។
បើតាមសេចក្តី ប្រកាសព័ត៌មានស្តីពីការរកឃើញលោក ស៊ុំ ម៉ឺន ដែលបានរត់គេចខ្លួនកាលពីថ្ងៃទី 21 ខែមករាឆ្នាំ 2019។ ការរកឃើញលោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ គឺជាការបញ្ចប់នូវការលាបពណ៌ និងការចោទប្រកាន់របស់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន ព្រមទាំងក្រុមប្រឆាំងទាំងនោះ ដែលបានចាត់ទុកករណីនេះជាការរំលោភសិទ្ធិមនុស្សទៅវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី 31 ខែមីនាឆ្នាំ 2019 បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង៧និង៤៣នាទីព្រឹក កន្លងមកនេះ លោក ស៊ុំ ម៉ឺន បានលួចរត់គេចខ្លួនបាត់ ដោយផ្លោះរបងខាងក្រោយទីចាត់ការដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពតាចឹង ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន បន្ទាប់ពីត្រូវបានកម្លាំងអាជ្ញាធរស្រុកជាំក្សាន្ត និងកម្លាំងរបស់ក្រុមហ៊ុនវិនិយោគ ចាប់ខ្លួនពីការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព ប្រគល់មកឲ្យមន្ត្រីឧទ្យាននុរ័កគូលែន-ព្រហ្មទេព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
ការបាត់ខ្លួនរបស់លោក ស៊ុំ ម៉ឺន ត្រូវបានបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនដែលមាន និន្នាការនយោបាយប្រឆាំងបានសាកសួរជាប្រចាំមកកាន់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ក្រោមរូបភាពជាការដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ដោយប្រែក្លាយរូបភាពនៃការបាត់ខ្លួននេះ ទៅជាការរំលោភលើសិទ្ធិមនុស្សនៅកម្ពុជា។ ដោយការប្រើប្រាស់នៅវិធានការសរុប និងកម្លាំងសរុប តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងអាជ្ញាធរខេត្ត ស្រុក ជាមួយគ្រួសាររបស់ ស៊ុំ ម៉ឺន កិច្ចសហការរវាងកម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ-ឧត្តរមានជ័យ និងជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ទើបយើងអាចរកឃើញ ស៊ុំ ម៉ឺន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញ។
ជាមួយការរកឃើញលោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះវិហារ បានឆ្លើយតបជាមួយក្រុមប្រឆាំងទាំងនោះទៀតថា ចំពោះការបាត់ខ្លួននេះ គឺអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពិតជាបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រប់រូបភាពតាមស្វែងរក ស៊ុំ ម៉ឺន មិនដូចទៅនឹងអ្វីដែលបណ្តាញសារព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។
កាលពីថ្មីៗនេះអង្គការលីកាដូបានហៅថា តំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោ ស៊ុម ម៉ឺន បានបាត់ខ្លួន បន្ទាប់ពីសាក្សីជាច្រើនបានអះអាងថា គាត់ត្រូវបានវាយដំនិងចាប់ខ្លួនដោយមិនត្រឹមត្រូវតាមច្បាប់ពីសំណាក់មន្ត្រីយោធា។ ការបាត់ខ្លួននេះបានកើតឡើងស្របពេលដែលមានការចាប់ប្រជាពលរដ្ឋជាច្រើនកាលពីជាងពីរសប្តាហ៍ក្នុងខែមករា ជាប់ទាក់ទងនឹងទំនាស់ដីសម្បទានផ្តល់ទៅឲ្យក្រុមហ៊ុន មេត្រីភាព កសិ-ឧស្សាហ៍កម្ម។ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹង ឧកញ៉ា អាន ម៉ាឌី។
តាមព័ត៌មានដែលទទួលបាន ស៊ុំ ម៉ឺន មានអាយុ ៥៤ឆ្នាំ និងកូនប្រុសគាត់ត្រូវបានចាប់ខ្លួនពេលកំពុងបើកគោយន្តដឹកសម្ភារៈលក់ដូរកាលពីថ្ងៃទី២០ ខែមករា ដោយយោធាមកពីទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៃកងយុទ្ធពលខេមរភូមិន្ទ (យោធាទាំងនោះជាកងសន្តិសុខរបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទាននៅឃុំយាង ស្រុកជាំក្សាន្ត)។ សាក្សីមួយចំនួនបានរាយការណ៍ថា ម៉ឺន និងកូនប្រុសគាត់ត្រូវបានវាយដំក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួន។ បន្ទាប់មក អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាទីកន្លែងដែលអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់រយៈពេលមួយយប់។
នាព្រឹកថ្ងៃទី២១ ខែមករា ម៉ឺន បានបាត់ខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃ ហើយការបាត់ខ្លួនរបស់គាត់បានកើតឡើងអស់រយៈពេលពីរខែមកហើយ។ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃបានអះអាងថា បុរសដែលមានអាយុ៥៤ឆ្នាំនោះបានលោតចេញពីរបងនិងរត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះមិនមានដីកាចាប់ខ្លួនចោទប្រកាន់ទាក់ទងនឹងការរត់គេចនោះទេ។
ចាប់តាំងពីថ្ងៃទី២១ ខែមករា អាជ្ញាធរមិនបានផ្តល់ភស្តុតាងដែលសហគមន៍អាចជឿទុកចិត្តបានពីទីតាំងរបស់ ម៉ឺន នោះទេ ដោយបានអះអាងផ្សេងៗគ្នាថា គាត់បាននឹងកំពុងលាក់ខ្លួននៅទីតាំងអាថ៌កំបាំងមួយក្នុងរាជធានីភ្នំពេញ ឬកំពុងទទួលការព្យាបាលសុខភាពនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៨ ខែមីនា ប្រពន្ធរបស់ ម៉ឺន បានដាក់ញត្តិទៅអាជ្ញាធរខេត្តនិងការិយាល័យតំណាងរាស្ត្រខេត្តព្រះវិហារ ដើម្បីជួយស្វែងរកប្តីរបស់អ្នកស្រី។
ក្រោយមានការចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ក្នុងខែមករានោះ មនុស្សចំនួន១៤នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅក្នុងពន្ធនាគារខេត្តព្រះវិហារ ក្នុងនោះរួមមានកូនប្រុសរបស់ ម៉ឺន ឈ្មោះ ម៉ឺន មាន ផងដែរ។ អ្នកទាំងនោះត្រូវបានចោទប្រកាន់តាមមាត្រា៦២ និងមាត្រា៥៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (ទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់១៥០លានរៀល។
ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញពីសំណាក់សន្តិសុខក្រុមហ៊ុននិងអាជ្ញាធរទៅលើអ្នកភូមិដែលរស់នៅក្នុងសហគមន៍នេះជាច្រើនឆ្នាំកន្លមកហើយ ដោយរួមមានការដុតផ្ទះប្រជាពលរដ្ឋ គេចោទថាមានការចាប់ខ្លួនតាមអំពើចិត្ត និងការបន្តគំរាមកំហែងប្រជាពលរដ្ឋដែលជាប់ទាក់ទងនឹងទំនាស់ដីធ្លីនេះ៕ ដោយ៖កូឡាប