នៅថ្ងៃ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកពី វិទ្យាស្ថានវ៉ាន់ដា ចំនួន ៣២១៣នាក់ ដែលមាននារី ២៧០៤នាក់ ។
សម្តេចតេជោ បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីមានចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ ជាពិសេសនិស្សិតជាស្ត្រី ដែលទទួលបានការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដា នេះច្រើន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីថ្ងៃដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាត គឺថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលពេលនោះប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ត្រូវបានគេជម្លៀសទៅទីជនបទ ដែលពេលនោះហើយទីក្រុងភ្នំពេញគ្មានមនុស្សនៅ ហើយចាប់ពីថ្ងៃនោះមក គឺកម្ពុជាត្រូវបានធ្លាក់ក្នុងរបបវាលពិឃាត ដែលបានធ្វើអោយពលរដ្ឋស្លាប់អាស់ជាង ៣លាននាក់ តែក្នុងរវាង ៣ឆ្នាំ ៨ ខែ ២០ថ្ងៃប៉ុណ្ណោះ។ សម្តេចតេជោ បានស្ម័គ្រចូលតស៊ូរំដោះប្រទេសពីរបបប៉ូលពត ជាមួយនឹងរបួសពេញខ្លួន រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ទើបយើងបានរំដោះប្រទេសជាតិរួចផុតពីរបបឃោរឃៅ នេះ ហើយក៏បានចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលជិតដល់ពិធីបុណ្យចូលឆ្នាំថ្មី គេតែងនឹកទៅដល់ឆ្នាំធ្វើរដ្ឋប្រហារ ១៧មេសា ១៩៧៥ ដែលជាពេលធ្វើឱ្យកម្ពុជាធ្លាក់ទៅកលិយុគនៃភ្លើងសង្គ្រាម។ សម្តេចតេជោបានបញ្ជាក់ថា បើគ្មានរដ្ឋប្រហារ ហើយទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំនោះសង្គមកម្ពុជានឹងកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការធ្វើរដ្ឋប្រហារទេ សង្គមកម្ពុជាមិនរងនូវវិនាសកម្មអស់ប្រមាណ ៣ទសវត្សរ៍នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះមានឈាមជ័រជាវៀតណាមសុទ្ធ តែបែរជាជេរសម្តេចថា ក្បាលយួន ខ្លួនខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថភរិយារបស់សម្តេច និងកូនរបស់សម្តេចជាភរិយា និងកូនរបស់វៀតណាម គឺជាការប្រមាថដែលសម្តេចមិនអាចអត់ឱនឱ្យបាននោះឡើយរហូតអស់មួយជីវិត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ឃ្លីបនៃការប្រមាថនេះត្រូវបានសម្តេចផ្ញើទៅតាមស្ថានទូតនានារួចហើយ ហើយបញ្ជាក់ប្រាប់ទូតទាំងនោះថា ការប្រមាថនេះហើយដែលសម្តេចមិនអាចលើកឡើងឱ្យបាននោះឡើយសម្រាប់ទណ្ឌិត សម រង្ស៉ី។
សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ការប្រមាថនេះហើយ ដែលនាំឱ្យសម្តេចដាក់ចេញនយោបាយកម្ចាត់ទណ្ឌិត សម រង្ស៉ី ដូចសម្តេចដាក់នយោបាយកម្ចាត់ ប៉ុលពតសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថមួយនេះមិនអាចសម្រុះសម្រួល និងលើកលែងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានទទួលរងនូវអយុត្តិធម៌ឆ្អែតឆ្អន់អស់ហើយ។ សម្តេចតេជោ បន្តថា ប្រទេសខ្លះតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ។ សម្តេចតេជោ ចោទសួរថា តើប្រទេសនោះមានសម្តែងការសោកស្តាយចំពោះការគាំទ្ររដ្ឋប្រហារនេះ និងគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិដែរទេ? សម្តេចតេជោ បានថ្លែងថា កម្ពុជាឆ្អែតឆ្អន់ហើយជាមួយការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លំបាកខ្លាំងទម្រាំរើខ្លួនមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនត្រូវឱ្យប្រទេសដទៃប្រមាថបន្តទៀតនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្គ្រាមមក រហូតមកដល់ពេលនេះ គឺយើងទទួលបានធនធានមនុស្សយ៉ាងច្រើនដើម្បីបំរើការងារនៅតាមវិស័យនានា។ សម្តេចតេជោ ក៏បានអរគុណដល់បណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេច ដើម្បីសម្តេចផ្តល់ទៅអោយនិស្សិតក្រីក្រទទួលបានការសិក្សានៅតាមសាលារៀននានា។ នៅក្នុងឆ្នាំនេះ សម្តេចតេជោ បានទទួលអាហារូបករណ៍ពីសាលានានាប្រមាណជា ៣១៩២ កន្លែង ហើយកន្លងមកមាននិស្សិតក្រីក្ររាប់ម៉ឺនាក់ហើយ ដែលបានទទួលអាហារូបករណ៍ពី សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកប្រាក់ខែប្រចាំខែមេសា គឺបើកផ្តល់នៅមុនចូលឆ្នាំខ្មែរ និងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល បើកផ្តាច់ជូនតែម្តង មិនមែនបើកពីរសប្តាហ៍ម្តងទេ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមអ្នកប្រឆាំងឱ្យអង្គុយរង់ចាំមើលពីការដួលរលំរាជរដ្ឋាភិបាល សូមឱ្យរង់ចាំមើលទៅ។
សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការនោះទេ តែក៏មានលទ្ធភាពបើកពីរសប្តាហ៍ម្តងផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរអំពីចំណូលពន្ឋទូទៅដែលរដ្ឋាភិបាលទទួលបាន ដែលអាចអោយ
រាជរដ្ឋាភិបាលធ្វើការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ។ សំរាប់ប្រាក់ខែមន្ត្រីរាជការក្នុងខែមេសានេះ នឹងអាចចាប់ផ្តើមបើកបានហើយ ហើយនឹងត្រូវបានបញ្ចូលទៅក្នុងកុង២ដង ក្នុង១ខែ។ ទន្ទឹមនិងនេះដែរ គឺមន្ត្រីរាជការនឹងតទទួលបានប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្រេចឱ្យក្រុមហ៊ុន Royal Railway អ្នកឧកញ៉ា គិត ម៉េង វិនិយោគបន្តលើផ្លូវដែក ដោយសារបញ្ហាបច្ចេកទេសផ្ទេរសិទ្ធិនៅមានបញ្ហាស្មុគស្មាញ និងកែសម្រួលមិនទាន់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បន្តធ្វើការវិនិយោគលើផ្លូវដែករហូតមានកិច្ចព្រមព្រៀងថ្មី ដែលក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ (Royal Railway) អាចចូលរួមប្រកួតប្រជែងផងដែរ។
ទាក់ទងទៅនឹងបញ្ហាផ្លូវដែក ដែលត្រូវបានលើកឡើងថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា” ដរាបណាកិច្ចព្រមព្រៀងថ្មី និងដៃគូវិនិយោគថ្មី មិនទាន់មាន នឹងមិនទាន់បានធ្វើឡើងនោះ គឺក្រុមហ៊ុន Royal Railway របស់ អ្នកឧញ៉ា គិត ម៉េង នៅបន្តទទួលគ្រប់គ្រងផ្លូវដែកនេះដដែល។ ព្រោះមានបុគ្គលិកកម្មករជាច្រើននាក់ ដែលកំពុងធ្វើការក្នុងក្រុមហ៊ុន ដែលអាចប្រឈមនឹងការបាត់បង់ការងារ បើយើងបង្ខំធ្វើដោយគំហុក។ ហើយនៅពេលដែលរកដៃគូរវិនិយោគថ្មីបានហើយនោះ ក្រុមហ៊ុន Royal Railway ក៏អាចចូលទុនក្នុងគម្រោងវិនិយោគថ្មីបាន ដើម្បីមានឱកាសពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវដែកបានកាន់តែទូលំទូលាយ។ សម្តេចតេជោចង់បានផ្លូវមួយខ្សែទៅ មួយខ្សែមក គឺអោយដំណើរការដឹកជញ្ជូនមានភាសរស់រវើកនិងសកម្ម”។
ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះទុកអោយបានច្រើនថែមទៀត ដើម្បត្រៀមពេលដែលខ្វះទឹកប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការអុជធូបទៀនកុំឱ្យបង្កជាបញ្ហាគ្រោះអគ្គិភ័យ។នៅថ្ងៃនេះ គឺចំថ្ងៃសែនឆេងម៉េង ហើយក្នុងខែមេសា នេះ ធាតុអាកាសក៏ក្តៅខ្លាំងដែរ ដូច្នេះសូមពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការអុច ទៀន អុជធូប និងអុជឬបង្កាត់ភ្លើងប្រើប្រាស់នៅតាមផ្ទះ ដែលអាចមានឆាបឆេះដោយប្រការណាមួយ ដែលនឹងធ្វើអោយមានការសោកស្តាយអស់មួយជីវិត៕ ដោយ៖កូឡាប