ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ បន្តសហការគ្នាលុបបំបាត់ឱ្យបានទាំងស្រុង នូវភាពមិនអនុលោមតាមបទបញ្ញត្តិនៃលក្ខខណ្ឌការងារ ដើម្បីលើកកម្ពស់កិត្តិនាមឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើងកម្ពុជា សំដៅទាក់ទាញការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗក្នុងពិភពលោក។
ការអំពាវនាវរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) កាលពីរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនានា ជុំវិញឧស្សាហកម្មវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារ និងលើកកម្ពស់សុខមាលភាព កម្មករនិយោជិត ព្រមទាំងលក្ខខណ្ឌការងារ សម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាពិសេសការអនុវត្តយុទ្ធសាស្ត្ររួមគ្នា និងផែនការសកម្មភាព ដែលមានគោលដៅពង្រឹងសមត្ថភាព និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ក្នុងការបំពេញមុខងារត្រួតពិនិត្យ ប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ។
លោករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារត្រួតពិនិត្យចម្រុះ ដែលមានសមាសភាពមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ដែលបានសកម្មក្នុងការចុះតាមដាន និងត្រួតពិនិត្យលក្ខខណ្ឌការងារ នៅតាមរោងចក្រកាត់ដេរដែលចូលរួមកម្មវិធី ILO-BFC ដើម្បីធានាឱ្យមានការអនុលោមបទបញ្ញត្តិត្រឹមត្រូវ ហើយជាលទ្ធផលបានជួយឱ្យកម្ពុជា ក្លាយជាប្រទេសគោលដៅ សម្រាប់ការបញ្ជាទិញពីទីផ្សារអន្តរជាតិ។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់កម្មវិធី ILO-BFC ដែលបានធ្វើការអង្កេតទៅលើប្រតិបត្តិការរោងចក្រមួយចំនួននៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ភាពអនុលោមបទបញ្ញត្តិនៃលក្ខខណ្ឌការងារ កាន់តែមានលក្ខណៈល្អប្រសើរគួរឱ្យកត់សម្គាល់ ចំណែកឯពលកម្មកុមារនៅក្នុងវិស័យនេះ ក៏បានថយចុះស្ទើរតែពុំមានកាលពីឆ្នាំមុន ៕ ដោយ ៖ កូឡាប