ភ្នំពេញ ៖ លោកមុតចន្ថា អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើ ហ្វេសប៊ុកផ្លូវការនៅថ្ងៃទី 5 ខែមេសានេះថា មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងអតីតបក្សប្រឆាំងគង់ មានជម្លោះគ្នានិងហែកកេរ្តិ៍គ្នាចោទគ្នាទៅវិញទៅមក ក្នុងនោះរវាងលោកសម រង្ស៊ី លោកគី វណ្ណដារ៉ា និងលោកម៉ៅ មុនីវណ្ណ ។
លោកមុតចន្ថា បានសរសេរក្នុងផេកហ្វេសប៊ុកថា ១. លោក សម រង្ស៉ី បានចោទលោក ម៉ៅ មុនីវណ្ណ ថាជាជនក្បត់ជាសាធារណៈ ខណៈដែលពុំមានភស្តុតាងអំពើក្បត់។
២. លោក គី វណ្ណដារ៉ា បានចោទលោក ម៉ៅ មុនីវណ្ណ ថាបានរាយការណ៍មួលបង្កាច់ ខណៈដែលពុំមានឯកសារជាភស្តុតាងបញ្ជាក់។
៣. លោក សម រង្ស៉ី ចោទអ្នកណាដាក់ពាក្យសុំសិទ្ធិនយោបាយ ថាជា«ជនភ្លីភ្លើ ថោកទាប និងក្បត់» ខណៈដែលពួកគេអនុវត្ត និងប្រើប្រាស់សិទ្ធិស្វ័យសម្រេចរបស់ពួកគេ។
បើតាមលោកមុតចន្ថាបានសរសេរបន្ថែមទៀតថា យើងរង់ចាំមើលថាតើលោក ម៉ៅ មុនីវណ្ណ ជាចុងចម្លើយ ឬជាជនត្រូវគេចោទចេញមុខបកស្រាយ ឬបំភ្លឺ ដែរឬទេ? ឬ លោក ម៉ៅ មុនីវណ្ណ គោរពតម្លៃគុណធម៌សុខចិត្តមិនតបតចំពោះការចោទប្រកាន់មលលើខ្លួន ហើយសុខចិត្តបន្តរស់នៅជាមួយរបងហ៊ុំព័ទ្ធដោយការចោទប្រកាន់បែបនេះ។
លោកបានបន្តទៀតថា ជាគោលជំហរ និងគោលការណ៍ ខ្ញុំមិនចូលចិត្ត និងមិនឲ្យតម្លៃចំពោះជនទាំងឡាយណាដែលមានចរិតខ្វះគុណធម៌ និងសីលធម៌ ចូលចិត្តចោទប្រកាន់ និងលាបពណ៌អ្នកដទៃជា«ជនភ្លីភ្លើ ថោកទាប និងក្បត់» ព្រោះចរិតបែបនេះមិនមានចែងក្នុងគុណសម្បត្តិនៃភាពជាអ្នកដឹកឡើយ។ ម្យ៉ាងទៀត ពាក្យ«ក្បត់»ពុំមានកន្លែងជ្រកក្នុងសង្គមប្រជាធិបតេយ្យឡើយ ផ្ទុយទៅវិញ បើសិនជាគេអស់ចិត្តជាមួយយើងហើយ យើងគួរជូនពរដល់ពួកគេឲ្យទទួលបាននូវជោគជ័យថ្មីសម្រាប់ការស្វែងរកអនាគតថ្មី។ ចរិតរបស់មេដឹកនាំបែបនេះនឹងរក្សាបាននូវសមានចិត្ត និងការគោរពស្រឡាញ់មិនចេះរីងស្ងួន ហើយក៏កាត់បន្ថយសត្រូវបានច្រើនផងដែរ៕ ដោយ ៖ កូឡាប