ភ្នំពេញ ៖ ស្របពេលដែលលោកប្រធានស្តីទី សម រង្ស៊ី និងសហការី បានអញ្ជើញទៅដល់ប្រទេសកូរ៉េខាងត្បូង ដេីម្បីចូលរួមសមាជអ្នកប្រជាធិបតេយ្យ និងមហាបាតុកម្មភ្លើងទៀនលើកទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បាននិយាយថា លោក សម រង្ស៊ី និយាយកុហកច្រើនដង នៅតែមានអ្នកជឿ។
អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បានលើកឡើងថា លោក សម រង្សី មានលក្ខណៈពិសេស១ ដែលមនុស្សធម្មតាគ្មាន គឺ “និយាយកុហកច្រើនដង នៅតែមានអ្នកជឿ” ៖
២០១៣ ស៊ូស្លាប់មិនចូលសភា មិនក្បត់ឆន្ទៈរាស្ត្រ
២០១៤ បាតុកម្មរហូតៗ..ៗ បោះឆ្នោតឡើងវិញៗ
២០១៥ TV ព្រះអាទិត្យ នឹងបើក២០១៥, ២០១៦…
២០១៦ ស៊ូស្លាប់រស់ក្នុងប្រទេស ជាមួយ កឹម សុខា
២០១៧ ៖
– គេមិនហ៊ានរំលាយCNRP ទេ
– បើរំលាយ CNRP នឹងមានមហាបាតុកម្មដ៏ធំ
– CNRP នឹងរស់ឡើងវិញ ខែមករា ២០១៨
២០១៨ ៖
– បើហ៊ានបើកច្រក សម រង្សី នឹងចូលស្រុកភ្លាម
– ស៊ូស្លាប់ចូលស្រុកខ្មែរវិញ (ថ្លែងពីប្រទេសកូរ៉េ)
– កងទ័ពកម្ពុជា នឹងបង្វែចុងកាំភ្លើងដាក់រដ្ឋាភិបាល
– CNRP នឹងរស់ឡើងវិញ មុនបោះឆ្នោតជាតិ
– នឹងគ្មានប្រជាជន ចេញទៅបោះឆ្នោតទេ
– កឹម សុខា នឹងត្រូវដោះលែង ខែមិនា ២០១៩
បើមិនដោះលែង សម រង្ស៊ី សុខចិត្តដើរចូលគុក
ឆ្នាំ ២០១៩…
អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បានបញ្ញាក់ថា ខាងលើនេះ គឺជាសម្តីកុហករបស់លោក សម រង្សី ដែលនាងខ្ញុំបានឮផ្ទាល់ត្រចៀក ឃើញផ្ទាល់ភ្នែក តែខ្ញុំសង្កេតឃើញថា នៅតែមានអ្នកខ្លះ នៅតែជឿ
ស្រែកគាំទ្រ ហោរអបអរសាទរ និងទះដៃកងរំពង ។ ទាំងនេះជា សមត្ថភាពពិសេសរបស់ លោក សម រង្សី គ្មាននរណាម្នាក់ អាចធ្វើដូចគាត់ទេ សូមកូនខ្មែរជំនាន់ក្រោយ កុំយកតម្រាប់តាម ។
ចំណែកលោកស្រីមួរ សុខហួរ អតីតតំណាងរាស្ត្របក្សប្រឆាំង បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៩ មេសា ថា
លោកប្រធាន សម រង្ស៊ី បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងហើយ ហើយនឹងបន្តមកប្រទេសកំណើតរបស់គាត់ ក្នុងពេលឆាប់ៗនេះ សូមបងប្អូនខ្មែរពិសេសយុវជនត្រៀមទទួលលោកប្រធាន ដើម្បីសង្គ្រោះប្រទេសយើង។
លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គមដ៏មានប្រជាប្រិយភាពមួយរូប បានរិះគន់ធ្ងន់ៗទៅលើទណ្ឌិត សម រង្ស៉ី និងបក្ខពួកជុំវិញការចុះទៅធ្វើសកម្មភាពរៃអង្គាសលុយពីពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមរូបភាពធ្វើមហាបាតុកម្មភ្លើងទៀន។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួកតែងតែរិះគន់ និងស្តីបន្ទោសរាជរដ្ឋាភិបាលខ្មែរថាអសមត្ថភាពទើបនាំឱ្យមានពលរដ្ឋខ្មែរធ្វើចំណាកស្រុករកការងារធ្វើនៅប្រទេសដទៃរួមទាំងកូរ៉េខាងត្បូងផងដែរ។ លោក សុខ សុគន្ធ បានលើកឡើងថា ប្រសិនបើទណ្ឌិត សម រង្ស៉ី និងបក្ខពួកពិតអាណីតពលករខ្មែរចំណាកស្រុកមែន ពួកគេគួររកវិធីជួយសន្សំលុយរបស់ពលករមិនមែនធ្វើសកម្មភាពរៃអង្គាសលុយរបស់ពលករនោះឡើយ។
ការចេញមករិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងចំពេលដែលទណ្ឌិត សម រង្ស៉ី រួមនឹងបក្ខពួករបស់ខ្លួន បានទៅចូលរួមបាតុកម្មដែលរៀបចំដោយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មានការលើកឡើងថា វត្តមានរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនៅលើទឹកដីកូរ៉េខាងត្បូង ជារូបភាពចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែធាតុពិតជាការធ្វើកម្មវិធីដើម្បីប្រមូលលុយដាក់ហោប៉ៅទណ្ឌិត សម រង្ស៉ី និងបក្ខពួកច្រើនជាង។
លោក សុខ សុគន្ធ បានរិះគន់ទង្វើនេះយ៉ាងដូច្នេះថា «ជារឿយៗ ពួកអាបបេរថោក បាននិយាយថា ចំណាកស្រុកធ្វើការ ជាបញ្ហាសង្គម ដែលជំរុញឲ្យប្រជាជនក្លាយជាទាសករនៅបរទេស។ ទីបំផុតពួកថោកទាបដើរប្រមូលស្រោមសំបុត្រ យកលុយពីខ្មែរចាកចេញទៅធ្វើការនៅបរទេសដោយឥតខ្មាស់អៀនសោះ»។
លោក សុខ សុគន្ធ ក៏ឆ្លៀតពន្យល់ផងដែរថា បញ្ហាចំណាកស្រុកមិនមែនជាថ្មីថ្មោងរបស់ប្រទេសលើពិភពលោកនេះ ហើយគ្រប់ប្រទេសក្នុងពិភពលោក តែងមានចំណាកស្រុក។
អ្នកអធិប្បាយលើបញ្ហាសង្គមដែលកំពុងរស់នៅសហរដ្ឋអាមេរិករូបនេះ បានពន្យល់ដូច្នេះ «ចំណាកស្រុកជាលំហូរ ដែលបង្កើតវិជ្ជមានសម្រាប់មនុស្សច្រើនជាងអវិជ្ជមាន។ ចំណាកស្រុកបានកើតឡើងយូរយាណាស់មកហើយ គឺចាប់តាំងពីសម័យមនុស្សរស់តាមល្អាងភ្នំ ដើរបេះផល្លា និងប្រមាញ់ ដើម្បីចិញ្ចឹមជីវិតម្ល៉េះ។ ចំណាកស្រុកបានកើតមុនវប្បធម៌កសិកម្មក្នុងពិភពលោកនេះទៅទៀត»។
គណបក្ស សង្គ្រោះ ជាតិ ប្រចាំ នៅ កូរ៉េខាងត្បូង បាន សហការ ជាមួយ អង្គការ Asia Human Rights and Peace Forum (AHPF) រៀបចំ វេទិកា មួយ ពីថ្ងៃ ទី ១៩ ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ។ ស្រប ជាមួយគ្នានេះ ក្រុម អ្នកប្រឆាំង នឹងធ្វើ មហា បាតុកម្ម ទ្រង់ទ្រាយ ធំ ផងដែរ ដែល ហៅថា មហា បាតុកម្ម ភ្លើងទៀន ។
លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា បានថ្លែង ថា មហា បាតុកម្ម នេះ ស្ថិតនៅក្រោម ការរៀបចំ របស់ យុវជន ប្រឆាំង តែ ម្នាក់ – ពីរ នាក់ និង មានការ ចូលរួម ពី មនុស្ស មួយចំនួន តូច ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ ខំ បំប៉ោង ថា មាន អ្នកចូលរួម មកពី គ្រប់ទិសទី នៅលើ ពិភពលោក ។ លោក បាន សរសេរ ក្នុង បណ្តាញ ទំនាក់ទំនង តេ ឡេ ក្រាម បែបនេះ ថា « បើតាម ការឃោសនា បំប៉ោង អាច នឹង ផ្អៀង ប្រទេស កូរ៉េខាងត្បូង នេះ ជាមិនខាន ។ ក៏ប៉ុន្តែ ការពិត មាន មនុស្ស មកពី ប្រទេស នេះ ១ ឬ ២ នាក់ ពី ប្រទេស នោះ ១ ឬ ២ នាក់ ដែល សរុប ទៅបាន មួយ ដំបរ ស្វា ប៉ុណ្ណោះ បានសេចក្តីថា មិនបាន ស្មើនឹង ប្រជា ពុទ្ធបរិស័ទ ទៅ បុណ្យចូលឆ្នាំ នៅ វត្ត មួយ ផង » ។
អ្នកនាំពាក្យ គណបក្សកាន់អំណាច បានចាត់ទុក មហា បាតុកម្ម នេះ ថា គ្មានអ្វី ក្រៅតែពី ទៅ ជួបជុំគ្នា ជេរប្រមាថ និង បរិហាកេរ្តិ៍ សម្អុយ ជាតិ សាស ន៏ ខ្មែរ ខ្លួនឯង នោះទេ ។
កាលពី អំឡុង ខែកក្កដា ឆ្នាំ ២០១៨ គណបក្សប្រឆាំង ប្រចាំ នៅ កូរ៉េខាងត្បូង បានធ្វើ មហា បាតុកម្ម ភ្លើងទៀន នេះ ម្តង រួម ក ហើយ ៕ ដោយ៖បញ្ញាស័ក្តិ