រូបភាពដែលបង្កនូវភាពតក់ស្លុតត្រូវបានអ្នកកាសែតក្នុងតំបន់ និងជាសកម្មជនកិច្ចការសង្គម Posadas, Misiones ថតជាប់ខណៈពេលដែលក្មេងស្រីសញ្ជាតិអាហ្សង់ទីនម្នាក់ ឱនក្បាលក្រេបយកទឹកពីថ្លុកតូចមួយលើថ្នល់ ព្រោះតែការស្រេកនៅអំឡុងធាតុអាកាសឡើងដល់ 38°C។
តាមអ្នកកាសែតរូបនេះឲ្យដឹងថា ក្មេងស្រីខាងលើគឺជាជនជាតិ Guarani ដ៏ក្រីក្រ ហើយប្រកបរបរសុំទានរួមទាំងក្មេងៗដទៃទៀត នាទីក្រុង Posadas។
លោក Rios ដែលជាម្ចាស់រូបថត បានពណ៌នាពីរូបថតនេះថា ៖ “ក្មេងស្រីជនជាតិ Guarani នេះ កំពុងប្រឆាំងនឹងការស្រេកទឹក ដោយផឹកទឹកដ៏កខ្វក់ ក្នុងថ្លុកតូចមួយលើផ្លូវ។ ហាក់ដូចជាយើងទាំងអស់គ្នា ពុំទាន់ធ្វើអ្វីមួយត្រឹមត្រូវក្នុងនាមជាសមាជិកនៃសង្គម”។
លោកឲ្យដឹងទៀតថា ក្មេងស្រីនេះក្រោយពីផឹកទឹកដ៏កខ្វក់ត្រូវបានចាប់បញ្ជូនទៅមន្ទីរពេទ្យ ហើយលោកចង់ផ្សព្វផ្សាយរូបភាពនេះ ចង់ឲ្យមនុស្សទាំងឡាយបានឃើញបានដឹង និងចែករំលែកបញ្ហាសង្គមចាក់ស្រេះកំពុងកើតមាននៅជុំវិញខ្លួនយើង៕