(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌចំការមន ដោយលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ នឹងត្រូវឡើង ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចមកបម្រើ ការងារនៅសាលារាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បាន ចេញអនុក្រឹត្យមួយផ្សេងទៀតដោយសម្រេចតែងតាំង លោក ធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល ដែលខណ្ឌទាំងពីរនេះ ទើបនឹងបំបែកកាលពីពេលកន្លងទៅ។
បើតាមកម្មវិធីរបស់រដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោក ធឹម សំអាន បច្ចុប្បន្នជាអភិបាលរងខណ្ឌចំការមន និងលោក ឃឹម ស៊ុនសូដា ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ។
ដើម្បីងាយស្រួលគ្រប់គ្រងការងាររដ្ឋបាលនៅរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតខណ្ឌចំនួនពីរថ្មីបន្ថែម ពោលគឺខណ្ឌបឹងកេងកង ដែលកាត់ចេញពីខណ្ឌចំការមន និងខណ្ឌកំបូល ដែលកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖
ដោយ ៖ កូឡាប