ភ្នំពេញ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែង ដោយយកកាំបិតប៉័ងតោដេញកាប់មេភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះខៀវ ជួង ភេទ ប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ ស្នាក់នៅផ្ទះលេខ០២ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះសយ ថាន់ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
បើតាមការរៀបរាប់របស់មេភូមិដើស្លែង កាលពីថ្ងៃទី២៤មេសា២០១៩ ម៉ោង១៤និង៣០នាទី ជនរងគ្រោះកំពុងធ្វើការ នៅក្នុងទីស្នាក់ការភូមិដើមស្លែង ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកជិតកាន់កាំបិតប៉័ងតោស្រែកឡូឡា រួចជនរងគ្រោះក៏ចេញទៅសួរថា ម៉េចបាន មកស្រែកឡូឡា នៅទីនេះ? ជនសង្ស័យក៏ជេរប្រមាថ និង យកកាំបិតបំរ៉ុងតោបំរុងកាប់ជនរងគ្រោះទៀត ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយចាប់ជនសង្ស័យ រួមនិងកាំបិតប៉័ងតោ១ យកមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់។
កន្លងមក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យប្រើកាំបិតប៉័ងតោមកគំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះម្តងរួចមកហើយ៕ ដោយ៖បញ្ញាស័ក្តិ