បុរសជនជាតិថៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន និងបញ្ជូនទៅកាន់បុស្តិ៍ប៉ូលីស ក្រោយពេលបុរសចម្លែករូបនោះ បានយកកាំបិតសម្លាប់ពស់មួយក្បាល ហើយបន្ទាប់មកគំរាមយកកាំបិតនោះផ្តាច់ជីវិតខ្លួនឯង។
រឿងហេតុនោះបានកើតឡើងនៅថ្ងៃពុធម្សិលមិញនេះ នៅកណ្តាលផ្លូវដ៏មមាញឹកស្ថិតក្នុងទីក្រុងបាងកក។
បើតាមវិទ្យុ Jor Sor 100 បានរាយការណ៍ថា បុរសរូបនោះបានឈប់ឡានទំនើបម៉ាក Mercedes នៅកណ្តាលផ្លូវ Ratchadamri ស្ថិតនៅមុខអាគារផ្សារទំនើប CentralWorld និងបានរត់ចេញពីឡាន ដោយមានកាន់ពស់វែក និងកាំបិតមួយ។
គាត់បានយកកាំបិតទៅសម្លាប់ពស់ចោល និងបានគំរាមសម្លាប់ខ្លួនឯងថែមទៀត។ ក្រោយដឹងពីហេតុការណ៍នោះ ប៉ូលីសបានមកដល់យ៉ាងលឿន និងធ្វើការបិទផ្លូវមួយផ្នែកដើម្បីធ្វើអន្តរាគមន៍។
មន្ត្រីប៉ូលីសម្នាក់បានថ្លែងថា បុរសរូបនោះដែលកំពុងស្ថិតនៅកន្លែងឃុំខ្លួនមានអាយុ ៥៤ឆ្នាំ ហើយគាត់ទំនងជាមានបញ្ហាខួរក្បាល ទើបជាហេតុធ្វើឲ្យគាត់ធ្វើបែបនោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Bangkok Post