ភ្នំពេញ ៖ តំបន់អភិរក្សបឹងស្នេហ៍ គឺជាដីសាធារណៈដែលស្ថិតនៅភូមិបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទដីព្រៃល្បះបឹង និងព្រៃលិចទឹកដោយមានជំនួយពីអង្ការwoman ក្នុងការអភិរក្សការពារធនធានធម្មជាតិសម្រាប់ឲ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅបង្កាត់ពូជជាពិសេសគឺសត្វស្លាប ជាច្រើន ដូចជា សត្វ កុក សំបកត្រពាំង ខ្វែក ក្អែកទឹក ត្មោញ ននៀលខ្ចង ទុង ក្រសា
ជាដើម ។
ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានសហការជាមួយមន្ទីរបរិស្ថានខេត្តព្រៃវែង ចុះសិក្សាបុរេសមិទ្ធិលទ្ធភាព នៃការដាក់តំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ។
ក្រោយពីបានពិភាក្សាជាមួយនាយខណ្ឌជលផលខេត្តព្រៃវែង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង លោកមេឃុំធាយ នៃស្រុកបាភ្នំ និងតំណាងអង្គការ WOMAN ប្រចាំការនៅក្នុងតំបន់ដីសើមបឹងស្នេហ៍ ក្រុមការងារទទួលបាននូវលទ្ធផលជាបឋម មានដូចខាងក្រោម៖ ១- តំបន់ដីសើមបឹងស្នេហ៍មានទំហំប្រមាណ ៥១០០ហិកតា នារដូវវស្សា ដែលអាចស្តុកទឹកបានចំនួន ៨៥លាន ម៉ែត្រគូប ២- ប្រជាកសិករនៅតំបន់ដីសើមបឹងស្នេហ៍អាចធ្វើស្រែប្រាំងបាន២-៣ ដងក្នុងមួយឆ្នាំ ៣- តំបន់ដីសើមបឹងស្នេហ៍មានសហគមន៍នេសាទចំនួន៤ ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤- ប្រជាជនក្នុងឃុំធាយ ចំនួន ៣០០គ្រួសារ អាស្រ័យផលពីតំបន់ដីសើមបឹងស្នេហ៍ តាមរយៈការនេសាទ ៥- តំបន់ដីសើមបឹងស្នេហ៍មានផ្ទៃដីព្រៃលិចទឹកប្រមាណជា ៨៣ហិកតា ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងមច្ឆាជាតិ ៦- តំបន់ដីសើមបឹងស្នេហ៍មានវត្តមានសត្វស្លាបទឹកជាង ២០ប្រភេទ ដែលមានចំនួនប្រមាណជាង៥០០០ក្បាល ដែលមករស់នៅ រកចំណី និងបន្តពូជ ៧- អង្គការ WOMAN មន្ត្រីជលផល និងសហគមន៍នេសាទ បានសហការគ្នាចុះល្បាត ដើម្បីទប់ស្កាត់សកម្មភាពល្មើសដែលកើតមាននៅក្នុងតំបន់នេះ ប៉ុន្តែសកម្មភាពល្បាតនេះមិនបានអនុវត្តទៀងទាត់ជាប្រចាំឡើយ ដោយកង្វះខាតមធ្យោបាយ និងថវិកាគាំទ្រនិង ៨-នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប និងមន្ទីរបរិស្ថានខេត្តព្រៃវែង នឹងបន្តចុះសិក្សានៅទីវាល ដើម្បីស្រាវជ្រាវពីប្រភេទព្រៃលិចទឹក និងប្រភេទសត្វព្រៃ ដែលមានវត្តមាននៅក្នុងតំបន់នេះ។
តាមរយៈកិច្ចប្រជុំពិភាក្សាខាងលើ គ្រប់ភាគីពាក់ព័ន្ធបានឯកភាព និងគាំទ្រក្នុងការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រុមឃ្លាំមើលអភិរក្សសត្វព្រៃបឹងស្នេហ៍មានចំនួនតែបីនាក់ តែគ្មានប្រាក់ខែនោះ ចំណែកឧបករណ៍គឺខ្វះខាតច្រើន ទាំងនេះជាហេតុធ្វើឲ្យការគ្រប់គ្រងនិងការពារមិនសូវមានប្រសិទ្ធភាពល្អប៉ុន្មាននោះទេ ហើយផ្ទៃដីធំ ជាប្រភេទដីព្រៃលិចទឹកនិងព្រៃល្បះ រីឯមនុស្សអ្នកការពារតិច។ តំបន់អភិរក្សបឹងស្នេហ៍មានជំនួយពីក្រៅប្រទេសគឺអង្ការWOMAN ហើយក៏មានសហគមន៍អ្នកស្មគ្រ័ចិត្តនៅក្នុងមូលដ្ឋានជួយអភិរក្សផងដែរ។ ដីនេះជាដីសាធារណៈ ពីមុនមកមិនសូវមានសត្វច្រើនរស់នៅទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំនេះបានសំបូរហ្វូងសត្វបក្សីចម្រុះ ប្រភេទនៅទួលពាន់តាឡីនៅបឹងស្នេហ៍នេះនិងបង្កាត់ពូជព្រោះមានការអភិរក្ស ធនធានធម្មជាតិនិងសត្វគ្រប់ប្រភេទ។
តំបន់បឹងស្នេហ៍ជាកន្លែងអភិរក្ស ដែលបង្កើតទៅជា សហគមន៍អភិរក្ស ដោយមានអាជ្ញាធរសហការជំនួយពីក្រៅប្រទេសគឺអង្កាWOMAN ដែរហាមឃាត់មិនឲ្យមានការបរបាញ់សម្លាប់នោះឡើយ។
បឹងស្នេហ៍មានទីតាំងស្ថិតនៅត្រង់ចំណុចប្រសព្វមុខរវាងឃុំដំរីពួន ឃុំសំរោង(ក្នុង ស្រុកស្វាយអន្ទរ)ឃុំធាយ(ក្នុងស្រុកបាភ្នំ) ឃុំព្រៃកណ្តៀង(ក្នុងស្រុកពាមរក៍) និង សង្កាត់បារាយណ៍(ក្នុងក្រុងព្រៃវែង)។
បន្ទាប់ពីទទួលបានការថែរក្សា និងអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់នៅក្នុងតំបន់បឹងស្នេហ៍នេះវាបានធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ផងដែរ និងបានធ្វើដំណើរមកទស្សនាហ្វូងសត្វស្លាបនៅទីនេះជាហូរហែ។ សម្រាប់ភ្ញៀវទេសចរដែលបានមកដល់បឹងស្នេហ៍គឺពួកគាត់ មានភាពជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសកម្មភាពរបស់ពពួកសត្វស្លាបចុះមករកចំណីនៅតាមមាត់ទឹក និងខ្លះទៀត ពងកូននៅតាមដើមឈើ។
នៅបឹងស្នេហ៍នេះដែរមានហ្វូងសត្វស្លាបបានមកកាច់សំបុកពងកូនរស់នៅយ៉ាង សុខសាន្ត ជាពិសេសហ្វូងសត្វស្លា ដោយឡែកសម្រាប់ភ្ញៀវទេសចរវិញពួក គាត់ក៏អាចជិះទូករបស់អ្នកស្រុកធ្វើដំណើរទៅកាន់ទួលព័ន្ធតាឡីដើម្បីទស្សនាហ្វូងសត្វស្លាបទាំងនោះបានផងដែរ ជាពិសេស នៅពេលរសៀលតែម្តងដោយយើងឃើញ ហ្វូងសត្វកុកស.កវែង និងប្រភេទសត្វស្លាប ផ្សេងៗទៀតទុំ និងកាច់សំបុកនៅលើដើម ឈើ និងខ្លះទៀតរកចំណីនៅក្បែរមាត់បឹងដែលមើលទៅគួរជាទីគយគន់ខ្លាំងណាស់ សម្រាប់ទឹកដីខេត្តព្រៃវែង និងអាចស្រូបទាញភ្ញៀវទេសចរបានច្រើនជាក់ជាមិនខាន ៕ ដោយ ៖ កូឡាប