ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវបន្តការសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងថែរក្សាសុខភាព និងត្រៀមលក្ខណៈជានិច្ចក្នុងការថែរក្សាទឹកប្រើប្រាស់ទុក ស្របពេលដែលអាកាសធាតុបច្ចុប្បន្នកំពងកើនឡើងនូវកម្តៅក្នុងរដូវប្រាំងនេះ។
៣.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
៤- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលាស្របតាមការសំណូមពរ និងពាក្សបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៥.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕ ដោយ ៖ វ៉ៃកូ