នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវគោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំនិងចំណាស់ជាងគេនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់និងទទួលដែលធ្វើឡើង ដោយមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើនរូប។ នៅក្នុងពិធីទទួលនិងបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង មុនពិធីប្រគល់គោរមងារសាស្ត្រាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីសាកលវិទ្យាល័យប៉េកាំង។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរំលត់ភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាការទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្ស បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លើយតបនិងទទួលយកនូវគោរមងារ << សាស្ត្រចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ >> ពីសាកល វិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្ត្រី ក៏ ដូចជាប្រទេសនិងប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការបន្តស្ថិតនៅ ជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំងមានប្រសាសន៍ដែរថា កន្លងមកសាកលវិទ្យាល័យប៉េកាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បានចុះហត្ថលេខាជាមួយរាជបណ្ឌិតសភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យាល័យ និងសញ្ញាសំគាល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាសាស្ត្រាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។ ផ្នែកមួយនៃការជូនគោរមងារនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិង ខ្សែ ក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បានចូលរួមគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នោះ។
នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ << សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ >> ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយសាកលវិទ្យាល័យប៉េកាំង បាន អញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជាកិច្ចនៃការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ ការស្វែងរកដំណោះស្រាយសន្តិភាព ការបញ្ចប់សង្គ្រាមទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេច និងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេរ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ពិសេសការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងអប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញបើករបាំងស្បៃដើម្បីជានិម្មិតរូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា ដែលឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕ ដោយ ៖ កូឡាប