កំពង់ចាម ៖ ផ្អើលដល់សមត្ថកិច្ច និងមន្ត្រីជំនាញស៊ីម៉ាក់ ជាពិសេសលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ពេលឃើញវ៉ាលិសមួយសង្ស័យជាគ្រាប់បែក ក្រុងកំពង់ចាម ល្បីថាជាករណីបង្កៃបំផ្ទុះគ្រាប់បែក ដែលបង្កប់ក្នុងទូATM មួយកន្លែង នៅកណ្តាលក្រុង ។
ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យ វ៉ាលិសក្នុងទូATM ឃេីញសុទ្ធតែប្រាក់ដូល្លារក្លែងក្លាយ កាលពីល្ងាចថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៩ ។
ប្រទះឃើញវ៉ាលិសមួយ ត្រូវបានគេយកមកប្លុងចោល សង្ស័យថាគ្រាប់បែក នៅក្នុងបន្ទប់ទូ ATM របស់ធនាគារស្ថាបនា ដែលមានទីតាំងស្ថិតនៅខាងលិចដើមពោធិ៍ផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាម បានបញ្ជាដល់កម្លាំងជំនាញ រួមមាន ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការការងារសន្តិសុខ ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ សហការជាមួយ កម្លាំងជំនាញអធិការក្រុងកំពង់ចាម ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ( CMAC) ដើម្បីមកធ្វើការត្រួតពិនិត្យតាមជំនាញ ។ អង្គភាព CMAC បានមកដល់ ហើយបានធ្វើការត្រួតពិនិត្យឃើញថា ក្នុងវ៉ាលិស និងបរិវេណជំវិញទូរ ATM ទីតាំងកន្លែងដាក់វ៉ាលិសខាងលើពុំមានគ្រឿងបំផ្ទុះឡើយ គឺជាលុយដុល្លារខ្មោច៕ ដោយ ៖ បញ្ញាស័ក្តិ