Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ «​បឹង​យក្ខ​ឡោម​» នៅ​ខេត្ត​រតនគិរី ដើម្បី​គាំទ្រ និង​បង្កើន​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ

​ខេត្ត​រតនគិរី ៖ ​សហគមន៍​តំបន់ការពារធម្មជាតិ​ «​បឹង​យក្ខ​ឡោម​» នៅ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ដើម្បី​គាំទ្រ និង​បង្កើន​ការចូលរួម​អោយ​កាន់តែ​ល្អប្រសើរ​នូវ​ការរក្សាបាន​នូវ​ធនធាន​ធម្មជាតិ វប្បធម៌ និង​អេកូ​ទេសចរណ៍ធម្មជាតិ​ឱ្យ​មាន​និរន្តរភាព​។​

​កាលពី​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ លោក ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន ប្រកាស​ទទួលស្គាល់​​សហគមន៍​តំបន់ការពារធម្មជាតិ​«​បឹង​យក្ខ​ឡោម​»​។​

​លោក ខៀវ បូរិន បាន​គាំទ្រ និង​ថ្លែងអំណរគុណ​ដល់​ប្រជា​សហគមន៍​ក្នុង​ការចូលរួម ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការថែរក្សា​ធន​ធា​ព្រៃឈើ ក៏ដូចជា​លើកកម្ពស់​វប្បធម៌​ទេសចរណ៍ធម្មជាតិ ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ ក៏​ជា​ផ្នែក​សំខាន់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ ក៏ដូចជា​ការកាត់បន្ថយ​ការពឹង អាស្រ័យ លើ​ផល និង​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​។ ហើយ​ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ ជាពិសេស​សហគមន៍​ទេសចរណ៍ធម្មជាតិ គឺជា​យន្តការ​មួយ​ដ៏​សំខាន់ នៅក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​នៅ​របស់​សហគមន៍ ដើម្បី​ចូលរួម​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។​

​គួរបញ្ជាក់​ថា សហគមន៍​ព្រៃឈើ​យក្ខ​ឡោម ដែល​ប្តូរ​ឈ្មោះ និង​កែប្រែ​មក​ជា​សហគមន៍​តំបន់ការពារធម្មជាតិ​«​បឹង​យក្ខ​ឡោម​» នៅពេលនេះ បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៨ ក្រោម​ការគាំទ្រ​ដោយ​កម្ម​វិធី​សីលា ដែល​មាន​ការចូលរួម​ពី​ប្រជាជន​ចំនួន​៥​ភូមិ គឺ​ភូមិ​ជ្រី ភូមិ​ឡា​ប៉ូ ភូមិ​សុិល ភូមិ​លន និង​ភូមិ​ភ្នំ មាន​ប្រជាជន​៦៣៧​គ្រួសារ និង​មាន​ផ្ទៃដី​ទំហំ ៣៨៧​ហិកតា​។ យ៉ាងណាមិញ ក្រសួង​បរិស្ថាន បាន​ចេញ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​យក្ខ​ឡោម នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩៕​ ដោយ​៖​កូឡាប​

×