ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ រដ្ឋបាលជ័យជំនះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំ ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិនិងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាល ក្លែងក្លាយ ចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ភូមិ៧សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី ។
ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនឈ្មោះ ប្រាក់ ចន្ទ័ដារាវង្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ឯកសណ្ឋាននគរបាលជាតិ មានខោចំនួន ១អាវចំនួន ១ សក្តិមួយ សញ្ញាសឹង្ហ ១និង ម៉ូតូ១គ្រឿង ម៉ាក ZOOMER. X ពណ៌ បៃតង បិទស្កុតប៉ារ៉ា ស្លាកលេខនប 1 4652 ( ក្លែងក្លាយ ) លេខតួ 5105847 លេខម៉ាស៊ីន 0105847 ។
មុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤ ជនសង្ស័យ ឈ្មោះ ប្រាក់ ច័ន្ទដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខឯកជនបានទៅយាមនៅហាងបបរមួយ កន្លែង នៅម្ដុំផ្សារដើមគ ដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខ ពណ៌ខ្មៅ លុះដល់ម៉ោង២០ ចប់ម៉ោង ការងារក៏បាន ដូរឯកសណ្ឋាន សន្តិសុខចេញ ហើយយកឯកសណ្ឋាននគរបាលជាតិ ដែលដាក់ក្រោមកែបម៉ូតូដែលបានទិញនៅផ្សារទឹកថ្លា ខោ១ អាវ១ តម្លៃ១០ដុល្លារ សក្កិមួយ តម្លៃ៣ ដុល្លារ ស្លាកឈ្មោះតម្លៃ ៥ដុល្លារ ។
ពេលដូរឯកសណ្ឋាននគរបាលជាតិរួចហើយក៏បានជិះម៉ូតូដើរលេងមួយសន្ទុះមកដល់ចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ភូមិ៧ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញក៏ត្រូវបានជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាល រដ្ឋបាល ជ័យជំនះឃើញដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យទើបដឹងថាជនសង្ស័យមិនមែនជា នគរបាលជាតិ ។
បច្ចុប្បន្នជនដែលបន្លំខ្លួនជានគរបាលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ប្រាក់ ច័ន្ទដារាវង្ស រួម ជាមួយ ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៌ប៉ារ៉ា ស្លាកលេខនប 14652 ( ក្លែងក្លាយ ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលជ័យជំនះតែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ