ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើជាជនជាតិចិន ចំនួន៣នាក់ពាក់ព័ន្ធនាំលុយជាង ៣,៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ពីបទលាងសម្អាតប្រាក់ និងប្រឆាំងហិរញ្ញទាន តាមមាត្រ ៣ និងមាត្រា២១ចំណុចថ្មី ។
សូមរំលឹកថា កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣៥២០០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខ EC9259330 មុខរបរ មិនពិតប្រាកដ។ ២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ ED4367915 មុខរបរ មិនពិតប្រាកដ។ ៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខ E 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
កម្លាំងនគរបាលអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនជនជាតិចិន ០៣នាក់ ដែលពាក់ព័ន្ធនឹងការនាំលុយដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ទៅតុលាការហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ហើយពួកទាំង ០៣នាក់ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា៕