បាត់ដំបង ៖ សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅ កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់នៃអតីតគណបក្សសង្គ្រោះជាតិ និងសមាជិកអតីតបក្សនេះចំនួន២រូបផ្សេងទៀត ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីសាកសួរចំពោះករណីប្រឆាំងនឹងសាលដីកាតុលាការកំពូល។
យោងតាមដីកាកោះរបស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យទាំង៣នោះ រួមមាន កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត, លោក ឃួន ចំរើន និងលោក ម៉ក់ រ៉ា។ ដីកាតុលាការខេត្តបាត់ដំបង កោះហៅឲ្យចូលបំភ្លឺនៅខែក្រោយនេះ សង្ស័យថា បំពានលើសាលដីកាតុ លាការកំពូល ដែលហា មសិទ្ធិធ្វើនយោបាយ។ សាមីខ្លួនត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អគារ «គ» ជាន់ទី១ ឱ្យទាន់ពេលវេលា ហើយត្រូវយកឯកសារផ្សេងៗដែលពាក់ព័ន្ធទៅជាមួយផងដែរ។
តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។
តាមដីកាកោះ ចុះថ្ងៃទី២៤ ខែមេសានេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គី ប៉ុណ្ណារ៉ា បង្គាប់ឲ្យកញ្ញា រ៉ូហ្សិត បង្ហាញខ្លួននៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែឧសភា។
តំណាងអយ្យការបញ្ជាក់ក្នុងដីកានោះថា ការកោះហៅនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រឆាំងនឹងសាលដីកាតុលាការកំពូលចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧»។
អ្នកយកព័ត៌មានមិនទាន់អាចទាក់ទង អតីតចៅសង្កាត់អូចារ មកពីបក្សប្រឆាំងនេះបានទេ ។ ប៉ុន្តែ ស្ត្រីរូបនេះ បានសរសេរលើហ្វេសប៊ុក របស់ខ្លួនថា ចាប់ពីថ្ងៃដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក គាត់ថា មិនដែលធ្វើសកម្មភាពនយោបាយណាមួយទេ ហើយថា គាត់ក៏គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលសាលដីការតុលាការកំពូលហាមធ្វើនយោបាយដែរ។
កញ្ញា រ៉ូហ្សេត សរសេរថា៖ « ខ្ញុំមិនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ តែក៏មិនធ្វើនយោបាយអីដែរ ព្រោះគណបក្សមិនទាន់មកវិញ ដូចដែលធ្លាប់ប្រកាស។ ខ្ញុំមិនដែលជួបជុំពលរដ្ឋថ្លែងសារនយោបាយម្តងណាឡើយចាប់តាំងពីគណបក្សត្រូវរំលាយ»៕ ដោយ ៖ កូឡាប