ស្ត្រីវៀតណាមម្នាក់ដែលរងការចោទប្រកាន់ពីបទធ្វើឃាតលោក គីម ជុងណាម ដែលត្រូវជាបងប្រុសម្តាយទីតៃរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តីរបស់ស្ត្រីរូបនោះ។
ស្ត្រីវៀតណាមឈ្មោះ Doan Thi Huong ត្រូវបានដោះលែងឲ្យមានសេរីភាព ក្រោយទទួលយកកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជអាជ្ញាម៉ាឡេស៊ី និងទទួលយកកំហុសស្រាល ពីបទបង្ករបួសស្នាម។
Doan Thi Huong និងស្ត្រីឥណ្ឌូនេស៊ីម្នាក់ទៀត ដែលត្រូវបានដោះលែងកាលពីខែមីនា បានរងការចោទប្រកាន់ថា បានចូលរួមធ្វើឃាតលោក គីម ជុងណាម ដោយការប៉ាតសារធាតុគីមី VX នៅព្រលានយន្តហោះទីក្រុងកូឡាឡាំពួរ។
ស្ត្រីជាប់ចោទទាំងពីរ បានបដិសេធទៅនឹងការចោទប្រកាន់ ដោយពួកគេនិយាយថា ពួកគេគិតថា ពួកគេកំពុងចូលរួមលេងក្នុងកម្មវិធីកំសាន្តរបស់ទូរទស្សន៍។
ពួកគេក៏លើកឡើងដដែលថា ពួកគេជាជនរងគ្រោះគ្មានកំហុសដែលធ្លាក់ក្នុងផែនការអាក្រក់របស់កូរ៉េខាងជើង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC