សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ធាតុអាកាសត្រជាក់បន្តិច ដោយមានភ្លៀងរលឹមបង្អុរចុះមកផង គឺធ្វើឲ្យបងប្អូនងើបហាត់កីឡាពីព្រឹក នៅតាមទីធ្លារសួនសាធារណៈ និងស្តាតអូឡាំពិកមានការលំបាកខ្លះៗ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ សូមមានការប្រុងប្រយ័ត្នផងដែរ ចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់។ អរគុណកូនក្មួយដែលបានផ្ញើរូបថត “សាលាបឋមសិក្សាកំពង់កែស” នៅស្រុកទឹកឈូ ខេត្តកំពត ដែលពូមីងបានកសាងកំឡុងឆ្នាំ ១៩៩៥។ ពូមីងបានចាត់ក្រុមការងារទៅពិនិត្យស្ថានភាពសាលា ហើយនឹងសាងសង់ជូនក្មួយៗ និងចៅៗបានសិក្សាទាន់ពេលវេលា។ ពូមីងមិនអោយកូនក្មួយៗនិងចៅៗអត់សាលារៀនទេ។
ជូនពរបងប្អូនជនរូមជាតិ ព្រមទាំងកូនក្មួយ និងចៅៗជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ ជាពិសេសក្មួយៗ និងចៅៗត្រូវខិតខំរៀនសូត្រអោយបានពូកែ ហើយធ្វើជាសិស្សល្អ កូនល្អ ចៅល្អ និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ។
សម្តេចតេជោ បានថ្លែងថា ធាតុអាកាសថ្ងៃនេះ នៅខាងក្រៅគឺមិនរងារត្រជាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុនទេ។ ទោះយ៉ាងណាក៏ដោយ សូមបងប្អូនថែរក្សាសុខភាពអោយបានល្អ គឺត្រូវហាត់កីឡាអោយបានទៀងទាត់ យ៉ាងហោច ណាស់៣០នាទីក្នុង១ថ្ងៃ។
ឪពុកម្តាយគ្រប់រូបតែងតែចង់បានកូនចៅល្អ។ ដូច្នេះក្មួយៗ និងចៅៗត្រូវខិតខំរៀនសូត្រទាន់ខ្លួននៅក្មេង ហើយត្រងត្រាប់ស្តាប់ដំបូន្មានល្អៗរបស់ឪពុកម្តាយ លោកយាយលោកតា និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ។ ខ្ញុំសប្បាយចិត្ត ដែលចៅៗខិតខំយកចិត្តទុកដាក់រៀនសូត្រគ្រប់ៗគ្នា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុភមង្គលក្នុងក្រុមគ្រួសារកុំបីខាន។
សូមបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានស្នើសូមបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូនេះតទៅ។ បើយោងតាមសេចក្តីជូនដំណឹងបន្ថែមរស់ក្រសួងធនធានទឹក នេះបង្ហាញថា ឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។
បើក្រសួងធនធានទឹក បានបង្ហាញថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) បានវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១។ យោងតាមការណ៍ព្យាករណ៍ បានបង្ហាញថា ព្យុះតឹមប៊ិន នឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតមាននៅល្ងាចថ្ងៃទី២៥ខែធ្នូ រួចមកបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ព្យុះតឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស៕ ដោយ ៖ កូឡាប