ខេត្តស្វាយរៀង ៖ លោករស់ផារិទ្ធអភិបាលរងខេត្តស្វាយរៀង និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយត្ន័ចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ និងត្រូវចេះថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះដែលអាចជួយការពារខ្យល់និងមានម្លប់ដ៏ត្រជាក់ផងដែរ ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្តនិងក្រុមការងារបក្សឃុំដល់ប្រជាពលរដ្ឋ ៥ គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៤ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិសេកយំ និងភូមិបុសតូច ក្នុងឃុំពងទឹក ស្រុករំដួល។
លោក រស់ ផារិទ្ធ បានសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះ ដែលបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព និងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាក់ផ្ទះគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
មួយវិញទៀតត្រូវចេះប្រើប្រាស់ទឹកដោយការសន្សំសំចៃហើយដូវវស្សានឹងជិតមកដល់នាពេលខាងមុខសូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍សម្រាប់ធ្វើស្រែចម្កាអោយបានគ្រប់គ្រាន់ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិត ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ៖ ពេលមានភ្លៀង ខ្យល់ ត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាពពេលឋ និងត្រូវមើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដីក៏វាអាចដោះស្រាយជីវភាពគ្រួសារបានមួយរយៈពេលខ្លីផងដែរ ៕ ដោយ ៖ វ៉ៃកូ