Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​មិញ​នេះ​, មាន​ភ្ញៀវទេសចរ​បរទេស​ម្នាក់ បាន​រួចផុត​ពី​ស្លាប់ ដោយសារ​បាតុភូត​រន្ទះ​បាញ់ នៅលើ​កោះរ៉ុង ក្រុងព្រះសីហនុ​!!

​ខេត្ត​ព្រះសីហនុ ​៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​បាតុភូត​រន្ទះបាញ់​មួយ​ករណី បណ្តាល​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ស្បែក​សម្នាក់ ក្នុងចំណោម​បីនាក់ បាន​វង្វេង​បាត់បង់​ស្មារតី ហើយ​ភ័យ​ស្លន់ស្លោរ និយាយ​លែង​ដឹង​ខុសត្រូវ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​ប្រជាពលរដ្ឋ​បន្តថា ក្នុងចំណោម​ជន​បរទេស​ស្បែក​ស ទាំង​បី​នាក់​នោះ គឺ​មាន​ម្នាក់ កំពុង​អង្គុយ មាន​ចម្ងាយ​ឃ្លាត​ពី​ដើមឈើ ដែល​ត្រូវ​រន្ទះបាញ់​នោះ​ប្រមាណ ៣​ម៉ែត្រ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាត់បង់​ជីវិត​។​

​ប្រភព​ព័ត៌មាន​ដដែល​បន្តថា មុនពេល​កើតហេតុ​រន្ទះបាញ់ដាច់​ដើមឈើ​មួយ​កំណាត់​ខាងលើនេះ គឺ​ស្ថានភាព​ផ្ទៃមេឃ នៅលើ​កោះរ៉ុង មាន​ភ្លៀង​ផ្គរ​រលឹម​ធ្លាក់​មក​ជាប់​មិន​ដាច់​។​

​ប្រជាពលរដ្ឋ អះអាង​ទៀតថា ក្នុងអំឡុងពេល​មាន​បាតុភូត​រន្ទះបាញ់ គឺ​ទំនងជា​មាន​ជនបរទេស​ម្នាក់ ក្នុងចំណោម​បីនាក់ បាន​លេង ឬ​ប្រើប្រាស់​ទូរស័ព្ទ ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់ នៅ​ក្រោម​ដំបូលផ្ទះ ឬ​ស្តង់ សម្រាប់​ជួល​ស្នាក់នៅ មាន​ទីតាំង​នៅ​ជិត​ដើមឈើ​ធំ​មួ​យ​ដើម នៅលើ​កោះរ៉ុង​។​

​បច្ចុប្បន្ននេះ ជន​បរទេស​ទាំង​បី​នាក់ បាន​ជិះទូក វិលត្រឡប់​ពី​ដំណើរ​កម្សាន្ត​តាម​កោះ វិល​មក​លើ​ដីគោក នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​វិញ​ហើយ ប៉ុន្តែ​សតិអារម្មណ៍​ជនបរទេស​ម្នាក់ ក្នុងចំណោម​៣​នាក់ គឺ​មាន​ការ​ភ្លេចភ្លាំង និង​វង្វេង​បាត់បង់​សតិ​ស្ទើរ​ទាំងស្រុង ដោយនិយាយ​អត់​ដឹងខុសដឹងត្រូវ​នោះទេ​។​

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រំលឹក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​កុំ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ឲ្យសោះ នៅ​ពេល​មេឃ​កំពុង​មាន​ផ្លេកបន្ទោ​រ មាន​ភ្លៀង និង​ផ្គរលាន់​ជាដើម ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​បាតុភូត​រន្ទះបាញ់​កើតឡើង​ជា​យថាហេតុ​ណាមួយ​។ ជាងនេះទៀត ប្រជាពលរដ្ឋ ក៏​មិន​ត្រូវ​នាំគ្នា​ទៅ​ជ្រក​ក្រោម​ដើមឈើ​ធំៗ នៅពេល​មាន​ភ្លៀង​ធ្លាក់​នោះដែរ​៕ ដែន សីមា​

×