Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ នៅតែ​កើតមាន ទោះបីជា​មាន​ការព្រមាន​ពី​ក្រសួង​សុខាភិបាល​

​ភ្នំពេញ​៖ ទោះបីជា​ការផ្សាយពាណិជ្ជកម្ម​ផលិផល​ថ្នាំជក់​ត្រូវ​បាន​ហាមឃាត់​ទាំងស្រុ​ង​ដោយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បាន​ឡាយព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ​ឲ្យចូល​ជា​ធរ​មាន​តាំងពី​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៥ មក​ក៏​ដោយ ឧស្សាហកម្ម​ថ្នាំជក់​នៅតែ​បំពាន​ផ្សាយពាណិជ្ជកម្ម​ផលិតផល​របស់​ខ្លួន​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បានឲ្យដឹងថា យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ដែ​លបាន​ធ្វើឡើង​ដោយ​អង្គ​ការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៧ បាន​បង្ហាញឲ្យឃើញថា ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅតែមាន​។  ៤៦% នៃ​កន្លែង​លក់​គ្រឿងទេស​និង ៧%​នៃ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន មាន​ផ្សាយពាណិជ្ជកម្ម​បារី​។ ទម្រង់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ប្រទះ​ឃើញ​មាន​ច្រើនជាងគេ​គឺ ផ្ទាំង​រូបភាព​តូចៗ​មាន​ដល់​ទៅ ៨៧.៥%​។ ម៉ាក​ផលិតផល​ថ្នាំជក់​ដែ​ល​ឃើញ​មាន​ផ្សាយពាណិជ្ជកម្ម​ច្រើនជាងគេ​មាន Fine(៤៧%) Alain Delon (៤៩%) Luxury (១៣%) Happy Time (១៣%) ARA (៧%) Cambo (៧%) និង Winston (៧%) ។​

​មាន​ភស្តុតាង​ច្បាស់លាស់​បង្ហាញថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ និង​ការឧបត្ថម្ភ បង្កើន​ការប្រើប្រាស់​ថ្នាំជក់ រីឯ​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ និង​ការឧបត្ថម្ភ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​។ ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ ជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ដែល​ត្រូវបាន​កំណត់​ក្នុង​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​អង្គការ​សុខភាព​ពិភពលោក​។

​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ជាក់ស្ដែង ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា ១​ម៉ឺន​នាក់ ត្រូវបាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​ការ​ប្រាស់​ផលិតផល​ថ្នាំជក់ (​អង្គការ​សុខភាព​ពិភពលោក​)​។ ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​ដើម្បី​ទិញ​បារី​ជក់ (​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ២០១៥) ហើយ​ថវិកា​ប្រមាណ​១៦២​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់​ប្រាំ​មុខ (​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​)៕ ដោយ ៖ កូឡាប​

 

×