ភ្នំពេញ-រឿង “មនុស្សឆ្កួត” របស់ផលិតកម្ម LD បានដាក់សម្ពោធជាផ្លូវការ ហើយកាលពីថ្ងៃពុធ ទី២៧ ធ្នូ ២០១៧ នារោងភាពយន្តលេជេន TK សាខាទួលគោក រាជធានីភ្នំពេញ ចំណែកផលិតក បានអះអាងថា មិនរំពឹងថានឹងទទួលបានផលចំណេញឡើយ គ្រាដែលរឿងមួយនេះត្រូវបានចាក់បញ្ចាំងតាមរោងកុន។
ចាងហ្វាងផលិតកម្មអិលឌី លោក លៀក លីដា បានថ្លែងថារឿង “មនុស្សឆ្កួត” ជាកាដូចុងឆ្នាំ និងដើមឆ្នាំថ្មី បូកទាំងបច្ចេកទេសទំនើបសហការគ្នា ធ្វើពីក្រុមការងារទាំងលើសពីរឿងកន្លងមក។ លោកថា មិនដឹងអ្នកទស្សនា ទទួលយកបានឬអត់ទេ តែក្នុងចិត្តរឿងនេះ អាចនឹងខាតច្រើន ដោយសារតែលោកបានពង្រឹងលើគុណភាពជាគោល ហើយចាយប្រាក់វិញ ក៏អស់ច្រើន។ ប៉ុន្តែលោកថា បើសិនទីផ្សារមាន លោកអត់ខ្លាចផលិតរឿងឲ្យមានគុណភាពដូចបរទេស ឬប្រទេសជិតខាងទេ។
លោកបញ្ជាក់យ៉ាងដូច្នេះថា ដូចករណីរឿង “មនុស្សឆ្កួត” គឺចាយធនធានណាស់ យើងប្រឹងតាំងពីកាត់តប្លង់បច្ចេកទេស ពន្លឺ សំឡេងផងដែរ។ បើចង់ដឹងថា មានកម្រិតបែបណា មានតែអញ្ជើញបងប្អូនមកចូលរួមទស្សនាថា ម្តងនេះ អិលឌី ប្លែកយ៉ាងណា”។
លោក លៀក លីដា មានជំនឿថា បន្ទាប់ពីស្នាដៃនេះទៅ ផលិតកម្មរបស់ខ្លួន អាចនឹងក្លាយជា ផលិតកម្ម ដ៏គួរឱ្យទុកចិត្ត ពីសំណាក់ទស្សនិកជន ក្នុងការផលិត ភាពយន្ត ដែលប្រកបដោយ គុណភាពខ្ពស់ អាចនឹងធ្វើឱ្យវិស័យភាពយន្តខ្មែរ កាន់តែបន្តបោះ ជំហានទៅមុខ។
ភាពយន្តរឿង ”មនុស្សឆ្កួត” ចូលរួមសម្ដែង ដោយតារាល្បីៗ មានដូចជា លោក ទេព រិនដារ៉ូ កញ្ញា ទឹម រដ្ឋា នាយគ្រឿន លោក អែត វីន នាយ ក្រូច រួមនឹងតារាល្បីៗ ជាច្រើនទៀត។ ភាពយន្តនេះ ផ្ដើមចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅ៕ ដោយ-គីមស្រីរ័ត្ន