សៀមរាប៖ នគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនជាតិចិនម្នាក់ ផឹកស្រាស្រវឹង ចុះមុជទឹកអាង ក្នុងសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា លង់ទឹកស្លាប់ នៅវេលាម៉ោង២០និង៤០នាទីថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាម។ ករណីនេះនគរបាល បានធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនជាតិចិនរូបនោះ ស្លាប់ដោយជំងឺគាំងបេះដូង។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ៖សពជនរងគ្រោះឈ្មោះ KECHNGIN ភេទប្រុស ឆ្នាំកំណើត1987 ជនជាតិចិន បានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រទ្វារប្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ហើយបានមកស្នាក់នៅក្នុងសណ្ឋាគារកើតហេតុខាងលើ។
បើតាមព័ត៌មានសាកសួរបំភ្លឺ ពីបុគ្គលិកដែលប្រចាំការ នៅសណ្ឋាគារ បានឲ្យដឹងថា នៅវេលាម៉ោង ២០នឹង២៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីហូបបាយនឹងផឹកស្រារួចមក ជនរងគ្រោះបានបបួលគ្នាទៅងូតទឹកអាងលេង ដែលមានគ្នា៤នាក់ ជនជាតិចិនដូចគ្នា លុះដល់ម៉ោង២០និង៤០នាទី ក៏បានឮសំឡេងស្រែកហៅឲ្យជួយ ថាមានមនុស្សលង់ទឹក លុះបុគ្គលិកសណ្ឋាគារមកដល់បានឃើញ មនុស្សលិចនៅបាតអាង ហើយបានស្រង់លើកមកលើ ហើយក៏រាយការណ៍ប្រាប់ប៉ូលីស។ កាពិនិត្យសាកសពនៅលើខ្លួនសព ពុំមានស្នាក់ស្នាមអ្វីទេ ការជួយសង្គ្រោះ ពុំមានទឹកចេញតាមមាត់ មានតែកំអួតចេញបាយ ហើយធុំក្លិនតែស្រា។
ផ្អែកតាមការសន្និដ្ឋាននរបស់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សពជនរងគ្រោះស្លាប់ ដោយសាគាំងបេះដូង នៅក្នុងទឹកអាង។ ចំពោះសពជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីរងចាំក្រុមគ្រួសារ មកទទួលយក ៕ ដោយ៖កូឡាប