រដ្ឋមន្ត្រីក្រសួងសេវាកម្មប្រជាជន និងសុខភាពអាមេរិច លោក ថម ប្រាយ (Tom Price) បានលាលែងចេញពីតំណែង កាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីប្រធានាធិបតីអាមេរិចបានសម្តែង ការមិនសប្បាយចិត្តចំពោះការប្រើប្រាស់យន្តហោះឯកជនដ៏មានតម្លៃថ្លៃរបស់លោកសម្រាប់ធ្វើជំនួញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Rueters នៅព្រឹកថ្ងៃសៅរ៍នេះ។
ការលាលែងពីតំណែងភ្លាមៗរបស់លោក ប្រាយ ត្រូវបានប្រកាស តែមួយម៉ោងប៉ុណ្ណោះ ក្រោយពេល លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គាត់មានការខកចិត្តចំពោះការប្រើប្រាស់យន្តហោះឯកជនរបស់លោក ប្រាយ ហើយលោកមិនចូលចិត្តពីការឆ្លុះបញ្ចាំងរបៀបនោះទេ លើរដ្ឋបាលរបស់លោក។
បើតាមសេតវិមានបានឲ្យដឹងថា លោក ថម ប្រាយបានលាលែងនៅថ្ងៃសុក្រ ហើយលោកប្រធានាធិបតីក៏បានទទួលយកការលាលែងនោះផងដែរ។
លោក ត្រាំ បានជ្រើសរើស លោក ដន រាយ (Don Wright) ធ្វើជារដ្ឋមន្ត្រីស្តីទីនៃក្រសួងសេវាកម្មប្រជាជន និងសុខភាពសិន។ សព្វថ្ងៃលោក រាយ គឺជាប្រធានការរិយាល័យការពារជម្ងឺ និងលើកកម្ពស់សុខភាព៕ ដោយ ៖ សុភ័ក្ត្រ