Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​នៃ​ការជួសជុល​តារា​ជ​

«​តា​រាជ​» ជា​ចម្លាក់​ទេព​តំណាងឱ្យ​ព្រះ​វិស្ណុ​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា ដែលមាន​ព្រះ​ហ​ស្ថ​៨ រចនាបថ​បា​យ័ន្ត កម្ពស់​ជិត​៤​ម៉ែត្រ ឆ្លាក់​ពី​ថ្ម​មួយ​ដុំ តម្កល់ទុក​នៅ​ច្រកចូល​ទិស​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​។ ភាពល្បីល្បាញ​នៃ​ឫទ្ធានុភាព​ដ៏​អស្ចារ្យ​នៃ​អាទិទេព​នេះ ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ​និង​ប្រជាជន​ខ្មែរ​តាំងពី​បុរាណ រហូតដល់​បច្ចុប្បន្ន​គោរពបូជា មាន​ជំនឿ​ជាក់​មុតមាំ​នឹង​ភាព​ស័ក្តិសិទ្ធិ​របស់​ព្រះអង្គ ហើយ​ចាត់ទុកជា​ស្តេច​ទេព​ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​ថែរក្សា​ប្រាសាទអង្គរវត្ត​រហូត​ដល់​សព្វថ្ងៃ​។ នេះ​បើតាម​ការចុះ​ស្វាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី ១៧ ខែមិថុនា​។

​បើទោះបី​ជាមាន​អាយុ​រាប់រយឆ្នាំ ឆ្លងកាត់​ច្រើន​សម័យកាល​នៃ​ប្រទេសជាតិ ក៏​បដិមា «​តា​រាជ​» នៅតែ​បង្ហាញ​រាង​មាំទាំ​និង​ពេញ​ដោយ​តេ​ជៈ​បារមី​។ ទេព​អង្គ​នេះ ក៏​ធ្លាប់​បានទទួល​ការជួសជុល​ជាច្រើន​ដង​ពី​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ ដែល​រងគ្រោះ​ដោយ​កត្តា​ធម្មជាតិ​នៃ​អាយុកាល​របស់ខ្លួន សង្គ្រាមស៊ីវិល និង​ការ​យារ​យី​ពី​ពួក​ឈ្មួញ​ទុច្ចរិត​ប៉ង​កាត់​ព្រះ​កេស​យកទៅ​ជួញដូរ​ដ៏​គួរឱ្យ​ខ្លោចផ្សារ​។​

​ទាក់ទង​នឹង​ការអភិរក្ស​ឡើងវិញ លោក ឡុង ណា​រី អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ធ្លាប់​រួមចំណែក​ជួសជុល​តា​រាជ​កន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ លោកតា​រាជ បាន​ឆ្លងកាត់​ប្រវត្តិ​ជួសជុល​ច្រើន​ជំនាន់​មកហើយ យោងទៅលើ​ភស្តុ​ង​តាង​បច្ចេកទេស​អភិរក្ស​និង​សម្ភារៈ​នៅក្នុង​រាងកាយ​ដែល​ធ្លាប់​ជួសជុល​ពី​សម័យមុនៗ​។​

​លោក ណា​រី បញ្ជាក់ថា ការជួសជុល​តារា​ជ គឺមាន​តាំងពី​ចុង​ស​.​វ​.​ទី​១៦ នៅលើ​ជើង​ដែល​បាក់​ជា​ពីរ​កំណាត់​ទាំងពីរ ព្រោះ​តាម​ការពិសោធ​របស់​អ្នកជំនាញ​ឃើញថា សាច់​ថ្ម​នៅ​ជើង​និង​ដងខ្លួន​មាន​គុណភាព​ផ្សេងគ្នា​។ បញ្ហា​បែកបាក់​នេះ​កើតឡើង​ប្រហែល​ដោយសារ​អន្តរកាល​ផ្លាស់ប្តូរ​សាសនា​ពី​ព្រហ្ម​ម​ញ្ញ​មក​ព្រះពុទ្ធ​។​

​បន្តម​កទៀត នៅ​សម័យ​បារាំង​ដោយ​មើលឃើញ​ហានិភ័យ​នៃ​បដិមា​ទ្រេត​ផ្ងារ​ទៅក្រោយ​រក​ដួលរលំ អ្នកជំនាញ​សាលា​បារាំង​ចុង​បូព៌ា ក៏បាន​ជួសជុល​ឡើងវិញ ដោយ​ការជីក​បង្ហាប់ដី ពង្រឹង​គ្រឹះ​ដើម្បី​តម្កល់​ព្រះ​វិស្ណុ​ឬ​តា​រាជ​ឱ្យមាន​លំនឹង កាន់តែ រឹងមាំ ឡើងវិញ នា​ឆ្នាំ​១៩៤៦​។​

​ក្រោយមក នៅ​ឆ្នាំ​១៩៨៧-១៩៩៣ ដោយមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​អភិរក្ស​ដ្ឋា​ន​អង្គរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាមួយ​ឥណ្ឌា ក៏បាន​ធ្វើការ​ជួសជុល​ផ្នែក​ខ្លះ​នៃ​ព្រះ​ហ​ស្ថ​ទាំងសងខាង​ដែល​បែកបាក់ បាត់បង់ ដោយ​ប្រើ​ស៊ីម៉ង់​តិ៍​ជំនួស​។ បើ​រំឭក​កាលពី​ឆ្នាំ​១៩៨៥ ព្រះ​កេស​របស់​លោកតា​រាជ ត្រូវបាន​ជន​ទុច្ចរិត​មួយក្រុម​ប៉ុនប៉ង​អារផ្តាច់​ក្នុង​បំណង​ជួញដូរ តែ​មិនបាន​សម្រេច ទើប​សមត្ថកិច្ច​យក​ព្រះ​កេស​ទៅ​រក្សាទុក​នៅ​អភិរក្ស​អង្គរ មុននឹង​បញ្ជូនទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដើម្បី​រក្សា​សុវត្ថិភាព​។ ក្នុង​ភាពវឹកវរ ប្រទេសជាតិ​មិនទាន់មាន​សន្តិសុខ​ពេញលេញ ក្រុម​អភិរក្ស​អង្គរ​បាន​ចម្លង​ព្រះ​កេស​ថ្មី​ពី​ស៊ីម៉ង់​តិ៍​ជំនួស​ព្រះ​កេស​ដើម​វិញ ដើម្បី​បំពេញ​លក្ខណៈ​រាងកាយ​នៃ​បដិមា​និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​។​

​លុះ​មកដល់​ឆ្នាំ​២០០២-២០០៣ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ស្ថាប័ន​អាល្លឺម៉ង់ (GACP) ក៏បាន​ធ្វើការ​ជួសជុល​លើ​ព្រះ​ហ​ស្ថ​ឆ្វេង​២ ស្តាំ​មួយ និង​ស្មា​ស្តាំ​ដែល​ប្រេះ​បម្រុង​ធ្លាក់ អាច​បណ្តាល ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​រូបចម្លាក់​ផ្ទាល់ និង​ទេសចរ​ដែល​ឆ្លងកាត់​ទីនេះ​មក​គោរពបូជា​ផង ទើប​ក្រុមការងារ​ក៏ បាន​ប្តូរ​ព្រះ​ហ​ស្ថ​ទាំងបី​និង​ស្មា​ដែល​ធ្វើ​ពី​ស៊ីម៉ង់​តិ៍​ជំនួស​ដោយ​ថ្មភក់​វិញ​។ បន្ថែម​ពី​នោះ ដោយ​មើលឃើញថា​លោកតា​រាជ ជា​ទេព​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​ខ្មែរ ហើយ​ប្រទេសជាតិ​ក៏មាន​សុខសន្តិភាព​ហើយ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អាល្លឺម៉ង់ ក៏បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​សុំ​ព្រះ​កេស​ដើម ដើម្បី​មក​ត​ភ្ជាប់​នឹង​ព្រះកាយ​វិញ ទើប​សម​នឹង​តម្លៃ​នៃ​ការគោរព​ជំនឿ​ដ៏​មុតមាំ​និង​សមត្ថភាព​នៃ​ក្រុមការងារ​របស់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ចការ​អភិរក្ស​ផង​។

​លោក ឡុង ណា​រី ក៏បាន​សំណូមពរ​ដល់​អ្នក​មក​គោរពបូជា សូមកុំ​ស្រោច​ទឹក​លើ​ព្រះបាទ បដិមា ដែល​បណ្តាលឱ្យ​ទឹក​ហូរ​ជ្រាបចូល​តាម​ស្នាម​ប្រេះ​ដល់​បាយអរ នាំឱ្យ​សាច់​ថ្ម​ឆាប់​សឹក​រិច​រិល និង​ពុកផុយ​។ រីឯ​ផ្សែង​ធូប ច្រើន នឹង​ធ្វើឱ្យ​ម្រ័ក្សណ៍​និង​ទឹកមាស​លើ​រូប​បដិមា ប្រែ​ទៅជា​ពណ៌​ខ្មៅ​ស្រអាប់​។ ក្នុងនោះដែរ ការបំពាក់ ស្បង់​ចីពរ ច្រើន​ជាន់ លើ គ្នា នឹង ធ្វើ ឱ្យ​ធ្ងន់ នាំឱ្យ​របេះ​ដល់​ជាតិ​ម្រ័ក្សណ៍​លើ ដងខ្លួន​បដិមា ព្រោះ​ម្រ័​ក្ស ណ៍​ខ្លះ​ដែល​ទើប លាប​ជំនាន់​ក្រោយ​មិន មាន គុណភាព​ល្អ​ដូច ដើម​ទេ ងាយ​នឹង​ធ្វើឱ្យ​ខូចខាត​ណាស់​៕ ដោយ​៖​កូ​ឡាប​

×