ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានជម្រុញអោយកម្លាំងមានកិច្ចទូទាំងខណ្ឌទាំងអស់ ត្រូវយកចិត្តក្នុងដាក់អោយបានខ្ពស់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលនិងថ្ងៃបុណ្យជាតិ៧មករា ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២៩ធ្នូនេះនៅ សាលាខណ្ឌទួលគោក ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោកឯក ឃុនដឿន បានលើកឡើងថា ពិធីបុណ្យជាតិ និងបុណ្យសាកលធំៗ កម្លាំងមានកិច្ចទូទាំងខណ្ឌទាំងអស់ត្រូវយកចិត្តក្នុងដាក់អោយបានខ្ពស់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយហេតុថា កន្លងមកនេះនៅលើពិភពលោកយើងនេះ ក្រុមសង្គមងងឹតតែងតែឆ្លៀតឱកាសនេះ ដើម្បីបង្កបទល្មើស បង្កើតភាពភ័យខ្លាចអោយប្រជាពលរដ្ឋ ។ដូច្នេះទេ បញ្ហាសន្តិសុខ សុវត្ថិភាព ជាបញ្ហាចំបងដែលអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធត្រូវតែយកចិត្តទុកដាក់ ដើម្បីការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ បើទោះបីប្រទេសជាតិនៃយើងមានសន្តិភាពពេញបរិបូរហើយក្តី ។
លោកបន្តថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល២០១៨ នេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើពិធីឆ្លងដោយបាញ់កាំជ្រួច ដើម្បីអបអរសាទេនៅរមណីយដ្ឋានវត្តភ្នំពេញ ហើយក្នុងកម្មវិធីនេះមន្ត្រីរបស់រដ្ឋបាលខណ្ឌទួលគោកនឹងចូលរួមចំនួន២០០នាក់។ចំណែកខណ្ឌផ្សេងៗទៀតចំណុះអោយរដ្ឋបាលរាជធានីក៏នឹងមានការចូលរួមក្នុង១ខណ្ឌចំនួន២០០នាក់ដូចគ្នាផងដែរ។ ដោយឡែកសម្រាប់ថ្ងៃបុណ្យជាតិ៧មករា ដែលគ្រោងធ្វើឡើងនៅកោះពេជ្រក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននោះ ក្នុង១ខណ្ឌក៏នឹងមានប្រជាពលរដ្ឋ១៩០០នាក់ចូលរួម ព្រោះ ជាបុណ្យជាតិនិងកំណើតទី២របស់យើងទាំងអស់គ្នា បើគ្មានថ្ងៃ៧មករាទេ ក៏មិនមានថ្ងៃនេះដែរ៕ ដោយ៖បញ្ញាស័ក្តិ