នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២១ ខែមិថុនានេះ បានសរសេរលើហ្វេសប៊ុកថា លោកអ្នកដឹងហើយ ថាអ្វីទៅដែលហៅថា WiFi ប៉ុន្តែលោកអ្នកខ្លះប្រហែលពុំដឹងទេ ថាអ្វីទៅដែលហៅថា LiFi។
WiFi ជាឧបករណ៍សម្រាប់បញ្ចូនរលកសញ្ញា ចែកចាយអុីនធឺណិតដែល លោកអ្នកបានកំពុងប្រើប្រាស់នៅផ្ទះ ឬនៅតាមហាងកាហ្វេជាដើម ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន Signify ដែលជាក្រុមហ៊ុនប្រើបច្ចេកវិទ្យាពន្លឺ បានបញ្ចេញផលិតផលមួយដែលអស្ចារ្យគឺ LiFi (Light Fidelity) ដែលប្រព័ន្ធនេះប្រើពន្លឺសម្រាប់ចែកចាយអុីនធឺណិត ដែលមានល្បឿនលឿន សុវត្ថិភាពខ្ពស់ និងអាចជឿទុកចិត្តបាន។ ល្បឿនរបស់ LiFi អាចបញ្ចូនរហូតទៅដល់ 150 Megabits per second (Mbps) ជាល្បឿនដែលអាចធ្វើការចាក់បញ្ចាំង Live Video មានគុណភាពច្បាស់ 1080P បានទៅដល់ ៣០ វីឌីអូក្នុងពេលតែមួយ។
ម្យ៉ាងវិញទៀតដោយសារ LiFi ប្រើពន្លឺសម្រាប់បញ្ចូនរលកសញ្ញា វាអាចបញ្ចូនរលកសញ្ញាបានយ៉ាងល្អនៅក្នុងរូងភ្នំ ឬនៅក្រោមដី ដែលយើងកំពុងមានផលវិបាកជាមួយបច្ចេកវិទ្យា WiFi។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានក្រុមហ៊ុនធំពីរដែលឈរលើបច្ចេកវិទ្យាថ្មី យកទៅប្រើប្រាស់គឺ ក្រុមហ៊ុន Globalworth ជាវិនិយោគិនដ៏ធំបំផុតនៅក្នុងប្រទេសប៉ូឡូញនិងរ៉ូម៉ានី និងក្រុមហ៊ុន Claerhout Communication Campus ជាភ្នាក់ងារទីផ្សារនៅប្រទេសប៊ែលហ្សីក។ សម្រាប់អ្នកប្រើប្រាស់ទូទៅ យើងប្រហែលត្រូវរង់ចាំយូរបន្តិចហើយ ទម្រាំបច្ចេកវិទ្យាថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ទូលំទូលាយ៕ ដោយ ៖ កូឡាប