នាវេលាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យសណ្តោសប្រណី ព្រួយបារម្ភដល់សុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ថ្នាក់ដឹកនាំនៃក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ នៃព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ជូនដល់ក្រុមគ្រួសារសព ជនរងគ្រោះតាមលំនៅឋាន និងជនរងគ្រោះ ដែលទទួលរងរបួស កំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ បណ្តាលមកពីឧបទ្ទវហេតុដួលរលំអគារ ៧ជាន់ នាខេត្តព្រះសីហនុ។
នៅក្នុងព្រះរាជសារចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ របស់ព្រះអង្គទាំងទ្វេបានគូសបញ្ជាក់ថា “ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរន្ធត់ឥតឧបមា ដោយបានទទួល ដំណឹងអំពីបងប្អូន កូនចៅ ដែលបានទទួលរងគ្រោះដោយការបាក់រលំអគារ នៅក្រុងព្រះ សីហនុខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់”។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្ដីសោកស្ដាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ ជីវិត និងសូមឱ្យវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ និងសូមជូនពរដល់បងប្អូន កូនចៅ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ។
គួរបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងអំពីប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្គ្រោះអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕ ដោយ៖កូឡាប