ភ្នំពេញ៖ លោកហេង រតនាអគ្គនាយកស៊ីម៉ាក់ បានចុះហត្ថលេខាជាមួយលោក Paul McCarthy ប្រធានអង្គការAPOPO នៅកម្ពុជា ដើម្បីទទួលជំនួយថវិកាចំនួនជាង១៧ម៉ឺនដុល្លារអាមេរិក ក្នុងការគាំទ្រសកម្មភាពកណ្តុរហិតមីន ដែលត្រូវប្រតិបតិ្តការបោសសំអាតគ្រាប់មីនស្ថិតនៅភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១២កើត ខែបុស្ប ឆ្នាំរកា ព.ស ២៥៦១ ។
លោកហេង រតនាអគ្គនាយកស៊ីម៉ាក់បានថ្លែងថា គំរោងនេះមានរយះពេល១២ខែ ចាប់ផ្តើមពីខែមករាឆ្នាំ២០១៨។ សូមបញ្ជាក់ថា អង្គការAPOPO មានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក ហើយសត្វកណ្តុរបានបង្កាត់នៅទីពិសោធន៍នៃប្រទេសតង់សង់ញៀ។ ការដោះមីនរបស់សត្វកណ្តុរគឺគ្រាន់តែឱ្យសញ្ញាចំណុចស័ង្សយ មានជាតិផ្ទុះ រីឯការដោះមីនពិតប្រាកដតែម្តងគឺអ្នកជំនាញដោះមីនត្រូវប្រើឧបករណ៍រាវមីននិងបោសសំអាតតែម្តង។ កណ្តុរដោះមីនហិតរកក្លិនជាតិផ្ទុះ រីឯឧបករណ៍រាវមីនរកស្រូបជាតិដែក។ ជាមួយចំនួនថវិកានេះ សុីម៉ាក់រំដោះដីចំការមីនបានចំនួនប្រមាណ៨០ហិចតា៕ ដោយ៖កូឡាប