Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​មន្ត្រី​ចុះ​បណ្តុះបណ្តាល​ដល់​និយោជក​-​កម្មករ ​ពី​ហានិភ័យ ដែល​បង្ក​ដោយ​សារធាតុ​អាសបេ​ស្តុស បណ្តាលឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​មនុស្ស តាមរយៈ​ការដកដង្ហើម​

(​ភ្នំពេញ​) ៖​ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ និង​ក្រុមការងារ​ជំនាញ ត្រូវ​រៀបចំ​ចងក្រង​ឯកសារ​មេរៀន​សម្រាប់​ធ្វើ​ការបណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​ដល់​និយោជក កម្មករ​និយោជិត និង​មហាជន​ទូទៅ​ឱ្យ​បាន​យល់ដឹង​ពី​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​សារធាតុ​អាសបេ​ស្តុស​។​

​ការជំរុញ​ការងារ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី សារធាតុ​អាសបេ​ស្តុស​នៅ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​តើ​សារធាតុ​អាសបេ​ស្តុស​ជា​អ្វី ហើយ​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​មនុស្ស​?

​នា​ឱកាស​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី លោក​អ៉ិត សំហេង បាន​ពន្យល់ថា «​អាសបេ​ស្តុស ពិតជា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​វិស័យ​ឧស្សាហកម្ម ដោយសារ​វា​ធន់​រឹងមាំ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​មនុស្ស តាមរយៈ​ការដកដង្ហើម ហើយ​ភាគច្រើន​បណ្តាល​ឱ្យ​កើត​ជំងឺ មាន​ជាអាទិ៍​មហារីក​សួត មហារីក​ស្រោម​សួត មហារីក​ស្បូន ដុំ​ក្នុង​សួត រលាក​សួត ស្រោម​សួត​ក្រាស ត្បៀត​ទងសួត ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម និង​រហូត​ដល់​កើត​ជំងឺមហារីក​បំពង់​អាហារ មហារីកក្រពះ និង​មហារីក​ពោះវៀន​ទៀតផង​»​។​

​តាមរយៈ​ការរៀបចំ​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី សារធាតុ​អាសបេ​ស្តុស​នៅ​កម្ពុជា​នេះ គឺជា​សក្ខីភាព​មួយទៀត ដែល​ឆ្លុះ​បញ្ជាំង​ពី​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ ដឹកនាំ និង​ការចូលរួម​យ៉ាង​សកម្ម ប្រកបដោយ​ស្មារតី​សហការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការរៀបចំ​ចេញ​ជា​សៀវភៅ​ដ៏​មាន​សារសំខាន់​នេះ​ឡើង ជាពិសេស​ចំពោះ​ក្រុម​ការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី​សារធាតុ​អាសបេ​ស្តុស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ផ្តល់​ទិន្នន័យ ព័ត៌មាន និង របាយការណ៍​នានា ហើយ​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ញឹកញាប់ ដើម្បី​ជូន​ព័ត៌មាន​ពី​ការអភិវឌ្ឍ​គោលនយោបាយ ការកំណត់​បញ្ហា​ប្រឈម​នៅ​កន្លែងធ្វើការ ជួយ​ក្នុង​ការរៀបចំ​ផែនការ និង​កំណត់​សកម្មភាព​អាទិភាព​សំដៅ​កាត់បន្ថយ​ការប៉ះពាល់​នៃ​សរសៃ​អាសបេ​ស្តុស​។​

​ទន្ទឹមនឹងនេះ លោក​ក៏​បាន​ស្នើ​ដល់ អង្គការ​ដៃគូ​អភិវឌ្ឍ​នានា រួម​មាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​ការលុបបំបាត់ សារធាតុ​អាសបេ​ស្តុនៃ​ប្រទេស​អូស្ត្រាលី អង្គការ​អា​ហ្វី​ដា អង្គការ​ILO/Japan និង​អង្គការ​សុខភាព​ពិភពលោក​(WHO) បន្ត​ជួយ​គាំទ្រ ដើម្បី​កម្ពុជា​មាន​លទ្ធភាព​រៀប​ចំ​ឱ្យទៅជា​ផែនការ​សកម្មភាព​នានា ឈាន​ទៅ​ការប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​ទប់ស្កាត់​នូវ​រាល់​ហានិភ័យ​ទាំងឡាយ​ដែល​បង្កឡើង​ដោយ​សារធាតុ​អាសបេ​ស្តុស​នេះ​។​

​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ទាំងឡាយ ដូច​បាន​លើកឡើង​ខាងលើ ជំហាន​ដំបូង លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​នេះ រៀបចំ​ចងក្រង​ឯកសារ​មេរៀន​សម្រាប់​ធ្វើ​ការបណ្តុះ​បណ្តាល ផ្សព្វផ្សាយ​ដល់​និយោជក កម្មករ​និយោជិត និង​មហាជន​បាន​យល់​ជ្រួតជ្រាប​ពី​ហានិភ័យ ដែល​បង្កឡើង​ដោយ​សារធាតុ​អាសបេ​ស្តុស​នេះ​៕​ ដោយ ៖ កូឡាប

×