កណ្ដាល៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានថ្ងែងថា សាលារៀនជាថ្នាលបណ្តុះបណ្តាលយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍ ធនធានមនុស្ស គ្មានប្រទេសណាមួយ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចំរើនដោយគ្មាន កម្លាំងធនធានមនុស្សនោះទេ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍អណ្តែតដើមឫស្ស ស្ថិតនៅក្នុងឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស់វៃ និងប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងធនធានមនុស្ស ដោយបានកំណត់យកការកសាងធនធានមនុស្សជាអាទិភាព ដោយធានាឲ្យប្រជាពលរដ្ឋយើងចូលរៀនចប់ថ្នាក់ទី៩យ៉ាងតិច។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់រៀបចំ បណ្តាញសិក្សាធិការអប់រំ ដោយបានកសាងអគារសិក្សារាប់ពាន់ខ្នង ដើម្បីបង្ខិត សាលាឲ្យបានដល់ជិតផ្ទះ ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទដាច់ស្រយាល ឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា បង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យបានសម្បូរបែប។
ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ បើទំនេរ ត្រូវអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខ ដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។
បើតាមលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថា សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន
អគារសិក្សា១ខ្នង ទំហំ ៦៦ម៉ែត្រគុណនឹង៩ម៉ែត្រ កម្ពស់៣ជាន់ មាន១៨ បន្ទប់ សាងសង់ពីបេតុង ប្រក់ក្បឿង។ អគារសិក្សា១ខ្នង ទំហំ ៦៦ម៉ែត្រគុណនឹង៩ម៉ែត្រ កម្ពស់២ ជាន់ មាន១២ បន្ទប់ សាងសង់ពីបេតុង ប្រក់ក្បឿង និងរបង ខ្លោងទ្វារ សួនច្បារ និងការរៀបចំសោភ័ណភាពក្នុង និងក្រៅបរិវេណសាលារៀន ព្រមទាំងការបំពាក់គ្រឿងបរិក្ខារ៕ ដោយ៖កូឡាប