ខេត្តស្ទឹងត្រែង៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងថា៖”ពេលនេះប្អូនៗជាផ្នែកមួយ នៃកងយោធពលខេមរភូមិន្ទ ប្អូនៗត្រូវបានទទួលការហ្វឹកហ្វឺន ដើម្បីក្លាយជាយោធិន ដែលមានកាយសម្បទារឹងមាំ មានសមត្ថភាព មានឆន្ទៈដើម្បីបម្រើ អង្គភាព និងវិវត្តក្លាយជានាយទាហាន នាពេលអនាគត ដែលនឹងបន្តវេនទទួលខុសត្រូវការពាររជាតិរបស់យើងនិងត្រូវស្មោះត្រង់ និងលះបង់ដាច់ខាតជូនជាតិ “។
គិតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នេះ គឺ ប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលមានរយៈពេល១៩ឆ្នាំហើយក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការលើកឡើងបែបលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោពលខេមរភូមិន្ទក្នុងឱកាសដែលលោកអញ្ជើញក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានបំពេញ ក្របខណ្ឌយោធភូមិភាគទី១កងទ័ពជើងគោកក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖មកដល់ថ្ងៃនេះ មានរយៈពេល១៩ឆ្នាំគត់ ដែលយើងបានបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានរំលាយចោលទាំងស្រុង នៅអង្គការចាត់តាំងរបស់ខ្មែរក្រហម និងបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។លោកបានឲ្យដឹងថា ការជ្រើសរើសពលទាហាន សរុបទូទាំងប្រទេសមានចំនួន៣៨៥០នាក់ ដោយឡែកសិក្ខាកាមចំនួន៥០០នាក់ ដែលបើកវគ្គហ្វឹកហ្វឺនថ្ងៃនេះ គឺដើម្បីបំពេញ ឲ្យកងពលតូចអន្តរាគមន៍ លេខ១២៨ ប្រចាំទិសយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលទើបបានបង្កើតថ្មី។
។លោកថា៖សូមឱ្យបន្តភារកិច្ចការពារជាតិ ថែរក្សាសុខសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលជំនាន់ថ្នាក់ដឹកនាំរបស់យើង បានខិតខំតស៊ូលះបង់ ឆ្លងកាត់ឧបសគ្គប្រឈម នឹងគ្រោះថ្នាក់ រាប់ពាន់ជំពូក ពលីរាប់ម៉ឺន រាប់សែននាក់ ដើម្បីសន្តិភាពជូនប្រទេសយើង បានដល់ថ្ងៃនេះ។
មេបញ្ជាការរងកងទ័ពជើងគោក បានប្រាប់ដល់សិក្ខាកាមទាំងអស់ ចំនួន៥ចំណុចរួមមាន៖ទី១៖ សូមតាំងចិត្តឲ្យបានរឹងមាំ និងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនទី២៖ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង គោរពវិន័យ និងលក្ខន្តិកកងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួនទី៣៖ ត្រូវរក្សាឲ្យបាននូវសុជីវធម៌សិលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងនាម កងយោធពលខេមរភូមិន្ទ ដែលប្រកបដោយកិត្តិយស និងសាកសមជាយោធិនគំរូទី៤៖ ត្រូវម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន និងអនុវត្តន៍ឲ្យបានដាច់ខាត ដែលយោធាចារ្យបានណែនាំទី៥៖ ត្រូវស្មោះត្រង់ និងលះបង់ដាច់ខាតជូនជាតិ សានា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងការពារឲ្យបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន៕ ដោយ៖បញ្ញាស័ក្តិ