ភ្នំពេញ៖ ក្នុងឱកាសដែលពិភពលោកនឹងអបអរសាទរឆ្នាំសកលថ្មី ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧នេះ បានមានប្រសាសន៍ក្នុងផេកហ្វេសប៊ុកផ្លូវការថា ថ្ងៃអាទិត្យទី ៣១ធ្នូ នេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៧, នៅម៉ោង១២:០០ យប់នេះ ពិភពលោកនឹងអបអរសាទរឆ្នាំសកលថ្មី ២០១៨។ នៅចុងសប្តាហ៍នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាន និងកំពុងធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ជាពិសេសគឺនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ កំពត និងកែប។
បើតាមសម្តេចតេជោ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ព្រោះមានអ្នកធ្វើដំណើរច្រើនដែលធ្វើឲ្យផ្លូវចង្អៀត។ សូមបន្ថយល្បឿនពេលបើកបរកាត់ទីប្រជុំជន ហើយមានការអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមកពេលកំពុងបើកបរ។
សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ជួយសម្រួលចរាចរណ៍ រៀបចំការពារសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ ដើម្បីបានកម្សាន្តសប្បាយរីករាយ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ នៅយប់នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទូទាំងប្រទេស ជួបតែសេចក្តីសុខ ក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាង គ្រប់ៗគ្នា ព្រមទាំងពុទ្ធពរ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីខាន”៕ ដោយ៖កូឡាប